នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សណ្ឋាគារផ្កាយប្រាំលំដាប់ពិភពលោក ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង ដែលនាំយកសណ្ឋាគារលំដាប់ផ្កាយប្រាំនេះមកកម្ពុជា បានឲ្យដឹងថាសណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយរបស់ ជីប ម៉ុង ហើយនេះជាមោទកភាពមួយដែលបាននាំយកសណ្ឋាគារលំដាប់ពិភពលោកនេះមកកម្ពុជា។ សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ កំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញវិស័យទេសចរណ៍ និងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ព្រមទាំងនឹងចូលរួមធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញលើឆាកអន្តរជាតិ។
សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ពិភពលោក ដែលផ្ដល់នូវការស្នាក់នៅកម្រិតស្ដង់ដាអន្តរជាតិ ជាមួយនឹងបន្ទប់ស្នាក់នៅដ៏ប្រណីតចំនួន២៤៧បន្ទប់ ដែល៤៣បន្ទប់ជាបន្ទប់ប្រភេទស្វីត សាលធំទូលាយ ភោជនីយដ្ឋាន និងស្កាយបារ រង្គសាល ព្រមទាំងសេវាកម្មផ្សេងៗដែលផ្ដល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត។ សណ្ឋាគារហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ក៏បានរួមចំណែកក្នុងការរក្សាវប្បធម៌កេរដំណែលនៃស្ថាបត្យកម្មប្រវត្តិសាស្រ្ត តាមរយៈការអភិរក្សសំណង់សម័យអាណានិគមបារាំង ដែលបច្ចុប្បន្នប្រែក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវរំលេចនូវរចនាបទសម័យបុរាណយ៉ាងឧត្តម ចំកណ្តាលសណ្ឋាគារដ៏ស្កឹមស្កៃនេះ ដែលស័ក្ដិសមបំផុតជាមួយទីតាំងស្ថិតក្នុងតំបន់ប្រវត្តិសាស្ដ្រ និងវប្បធម៌នៃរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរ សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីដំបូងគេបង្អស់នៅកម្ពុជា គឺជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ជាមួយទុនវិនិយោគសរុប១៨០លានដុល្លារអាមេរិក ទាំងថ្លៃដី និងថ្លៃសាងសង់សំណង់ និងកំពុងបើកទ្វារជាផ្លូវការទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទទួលយកបទពិសោធន៍ស្នាក់នៅលំដាប់អន្តរជាតិ៕