នេះជាការលើកឡើងរបស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមព្រឹត្តិការណ៍ “រំលឹកគុណអង្គរ” ត្រូវបានប្រកាសបើកជាផ្លូវការ នៅបរិវេណមុខស្ពានហាលប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
ពិធីនោះមានការចូលរួមពី លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីអគ្គនាយករងអាជ្ញាធរជាតិ តំណាងអង្គការយូណេស្គូប្រចាំកម្ពុជា ព្រះសង្ឃ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។
បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ពិធីបុណ្យ “រំលឹកគុណអង្គរ” ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីអបអរសាទរ ការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត និងដើម្បីបំផុសឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនា។
ចំណែកលោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៏ “រំលឹកគុណអង្គរ” នេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ ហើយពិធីរំលឹកគុណអង្គរនេះ នឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។ លោកជំទាវបន្តថា ព្រឹត្តិការណ៍នេះ ពិតជារំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឱ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ពិធី “រំលឹកគុណអង្គរ” មានរយៈពេល៥ ថ្ងៃ ដោយចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ការតាំងពិព័រណ៍ ស្តីពីសមិទ្ធផលរយៈពេល២៩ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រីជាដើម។
តំបន់រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោកនៅក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោក លើកទី១៦ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។ រមនីយដ្ឋានអង្គរ ជាបណ្ដុំស្ថាបត្យកម្មដ៏មហិមា កសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាង្គប្រាសាទ រចនាបថ សិលាចារឹក និងចម្លាក់ដ៏ពិសិដ្ឋជាភស្តុតាងដែលបានបញ្ជាក់អំពីជីវភាព របៀបរបបរស់នៅ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ ការធ្វើជំនួញ និងចរន្តសេដ្ឋកិច្ចនាសម័យអង្គរ។
មានប្រសាសន៏នៅក្នុងសារអបអរសាទរខួប២៩ ឆ្នាំ នៃការចុះបញ្ជី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អង្គរតំណាងឱ្យសិល្បៈខ្មែរទាំងមូលពីសតវត្សទី៩ ដល់សតវត្សទី១៤ ជាអត្តសញ្ញាណវប្បធម៌ជាតិ និងជាមោទកភាពជាតិ។ សម្ដេចតេជោ បានអំពាវនាវឲ្យកូនខ្មែរគ្រប់រូប ត្រូវចេះស្រលាញ់ និងចូលរួមថែរក្សា ការពារ នូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
សម្តេចបានបញ្ជាក់ទៀតថា អង្គរ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្ររស់រានមានជីវិត ដែលប្រពៃណីវប្បធម៌ និងសាសនា នៅតែបន្តរក្សាបាន។ អង្គរមានទេសភាពភូមិបុរាណ រួមបញ្ចូលនូវលក្ខណៈប្រវត្តិសាស្ត្រ ដូចជាវាលស្រែ ស្រះទឹក និងព្រៃឈើ ជាមួយនឹងភូមិដែលមានផ្ទះសង់តាមបែបប្រពៃណី។ អង្គរ គឺជាសម្បត្តិវប្បធម៌ ដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាសម្បត្តិវប្បធម៌តំណាងអោយអត្តសញ្ញាណខ្មែរ និងជាមោទនភាពរបស់ជាតិខ្មែរទាំងមូល។ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈវត្តមាន នៃរូបប្រាសាទ អង្គរវត្ត នៅលើទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា មានតែប្រទេសកម្ពុជាមួយគត់ នៅក្នុងពិភពលោក ដែលយករូបប្រាសាទជាបេតិកភណ្ឌពិភពលោកទៅ ដាក់នៅលើទង់ជាតិរបស់ខ្លួន៕ (មានជ័យ)