លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី” ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា ប្រទេសកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ១លាននាក់ នៅឆ្នាំ២០២២ខាងមុខ។
លោកបណ្ឌិត ផាន់ ផល្លា ថ្លែងថា ស្ថានភាពសម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១ ខុសគ្នា ដោយសារឆ្នាំ២០២០ស្ថិតនៅក្នុងវិបត្តិហើយមានវិស័យជាច្រើនបានប៉ះពាល់ តែមកដល់ឆ្នាំ២០២១ ជាពិសេសចាប់ខែកក្កដា បានងើបឡើងវិញច្រើន ដូចជាវិស័យកាត់ដេរ វិស័យអចលនទ្រព្យ វិស័យកសិកម្មជាដើម ហើយវិស័យទេសចរបានងើបឡើងវិញបន្តិចសម្រាប់ចុងឆ្នាំនេះ បន្ទាប់ពីមានវ៉ាក់សាំង។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន ទាក់ទងវិស័យទេសចរណ៏នាពេលខាងមុខ លោកបណ្ឌិត ផាន់ ផល្លា បានលើកឡើងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរប្រមាណ១លាននាក់ នៅឆ្នាំ២០២២ខាងមុខ ហើយក្នុងនោះរាជរដ្ឋាភិបាលក៏បានរៀបចំគម្រោងមួយចំនួន ដើម្បីជួយគាំទ្រដល់ប្រតិបត្តិករ នៃវិស័យនេះផងដែរ។ លោកបញ្ជាក់យ៉ាងដូច្នេះថា “តាមការព្យាករណ៍ឆ្នាំ២០២២ ក្នុងនេះយើងនឹងទទួលបានទេសចរប្រមាណ១លាននាក់”។
លោកថា វិស័យទេសចរណ៍នេះ បានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ដោយសារតែវិស័យនេះ ពឹងលើទេសចរបរទេស ហើយនៅក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល បានគិតគូរពីការបង្កើតឲ្យមានកញ្ចប់ថវិកាមួយចំនួន ដោយធ្វើជាកម្មវិធីសហហិរញ្ញប្បទាន ជាមួយធនាគារឯកជន ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលត្រូវចេញថវិកា៥០ភាគរយម្នាក់។
លោករដ្ឋលេខាធិការលើកឡើងដែរថា ការផ្ដល់ហិរញ្ញប្បទាននេះ មិនមែនឲ្យគាត់យកទៅធ្វើសណ្ឋាគារថ្មីនោះទេ ប៉ុន្តែដើម្បីបំពេញសេចក្តីត្រូវការនៅពេលគាត់មិនមានប្រតិបត្តិការ រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដែលអាចធ្វើឲ្យពួកគាត់ខ្វះខាតសាច់ប្រាក់មួយចំនួន ដើម្បីចាប់ផ្ដើមប្រតិបត្តិការមុខរបបរបស់គាត់ឡើងវិញ។ មានន័យថា សាច់ប្រាក់នេះ គឺដើម្បីកែលម្អចំណុចខ្វះខាតរបស់គាត់បន្តិចបន្តួច។
នៅក្នុងកម្មវិធីសហហិរញ្ញប្បទាន ដែលរាជរដ្ឋាភិបាលបានគិតគូនេះ គឺដើម្បីជួយដល់អាជីវកម្មសណ្ឋាគារ ភោជនីយដ្ឋាន ដែលស្ថិតនៅក្នុងតំបន់សំខាន់ៗ ដែលរងផលប៉ះពាល់ធ្ងន់ ដើម្បីជួយឲ្យពួកគាត់មានលទ្ធភាពទទួលបានហិរញ្ញប្បទាននោះ ដើម្បីយកទៅកែលម្អ ឬយកទៅទិញទំនិញ របស់របប ដើម្បីចាប់ផ្ដើមប្រតិបត្តិការមុខរបបរបស់គាត់ឡើងវិញ។ ដូច្នេះ ជារួមទំហំកម្ចីនេះមិនធំទេ គ្រាន់តែជាការបំពេញសេចក្តីត្រូវការ ខ្វះខាតបន្តិចបន្តួច ដើម្បីចាប់ផ្ដើមប្រតិបត្តិការឡើងវិញប៉ុណ្ណោះ។
បើទោះបីជាថវិកានេះមិនធំ ឬមិនច្រើន លោកបណ្ឌិត ផាន់ ផល្លា បានបញ្ជាក់ថា “យើងចង់ឲ្យកម្មវិធី ឬថវិកានេះ បានទៅដល់ដៃប្រតិបត្តិករដោយផ្ទាល់ ហើយចង់ផ្ដល់ឲ្យបងប្អូន នៅតាមខេត្ត ដែលរងផលប៉ះពាល់ផ្ទាល់ ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ លោកថា ទាំងនេះគឺជាវិធានការមួយចំនួន ដើម្បីជួយដល់ប្រតិបត្តិករទេសចរណ៍។ ជាមួយគ្នានោះ ក៏មានវិធានការមួយចំនួនទៀតផងដែរ។ ក្រៅពីជួយពួកគាត់ដល់ផ្ទាល់ រាជរដ្ឋាភិបាលក៏បានគិតគូរពីការជួយដល់វិស័យទេសចរណ៍ទាំងមូលដូចជា ការបណ្ដុះបណ្ដាល និងអភិវឌ្ឍតំបន់ទេសចរណ៍ជាដើម៕ (មានជ័យ)