ព្រះវិហារ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ចុះបើកការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម គិតទុកជាមុន ឈានទៅដល់កំណត់មុខសញ្ញា និងបានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះ ភោគ មើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងធ្វើការដកហូតបានអាវុធកែច្នៃ (កាប៊ិន) ចំនួន០១ដើម។
តាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធកែច្នៃ (កាប៊ិន) លួចបាញ់ទៅលើជនរងគ្រោះ ឈ្មោះ ឃត់ ឡុញ ភេទប្រុស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ពិតប្រាកដមែន ដោយសាររឿងគំនុំ។
ករណីនេះសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត។
ជាសំណូមពររបស់ស្នងការដ្ឋាននគរបាលខេត្ត សូមប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ ចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មាន ឬភ្ញាក់រលឹកក្នុងការប្រគល់អាវុធគ្រាប់រំសេវគ្រប់ប្រភេទដល់អាជ្ញាធរ និងសមត្ថកិច្ច ទើបចៀសផុតគ្រោះថ្នាក់ ជាពិសេសប្រឈមនឹងច្បាប់មិនខាន៕