ក្រុមហ៊ុនដែលអាចជួយសម្រួលការធ្វើអត្តឃាតបាននិយាយថា ខ្លួនមានទំនុកចិត្តថាវាអាចត្រូវបានប្រើនៅក្នុងប្រទេសស្វីសនៅដើមឆ្នាំ ក្រោយ។ Sarco បានចាត់តាំងជាអ្នកជំនាញផ្នែកច្បាប់របស់ប្រទេសស្វីស ដែលបានរកឃើញថា ឧបករណ៍ នេះមិនបានបំពានច្បាប់ណាមួយនៅក្នុងប្រទេសនោះទេ។ ប៉ុន្តែមានមេធាវីផ្សេងទៀតបានចោទសួរអំពីការរកឃើញខាងលើរបស់គាត់។ ហើយអង្គការសម្របសម្រួលការធ្វើអត្តឃាត Dignitas បាននិយាយថា វាមិនទំនងនឹងមានការទទួលយកឧបករណ៍នេះច្រើននោះទេ។
មនុស្សម្នាក់ៗ ត្រូវបានផ្តល់មធ្យោបាយបញ្ចប់ជីវិតរបស់ពួកគេគឺស្របច្បាប់នៅក្នុងប្រទេសស្វីស។ មនុស្សប្រហែល1,300 នាក់ បានស្លាប់នៅទីនោះដោយវិធីនេះក្នុងឆ្នាំ 2020 ។ ទាំងការជួយធ្វើអត្តឃាត និង euthanasia វេជ្ជបណ្ឌិតដែលបញ្ចប់ជីវិតរបស់នរណាម្នាក់ដែលចង់ស្លាប់ គឺខុសច្បាប់នៅក្នុងចក្រភពអង់គ្លេស។ ការពិភាក្សាផ្នែកច្បាប់ វិធីសាស្រ្តបច្ចុប្បន្នដែលប្រើក្នុងប្រទេសស្វីស គឺការផ្តល់នូវសារធាតុរាវឱ្យមនុស្សណាម្នាក់ ប្រសិនបើបានប្រើប្រាស់វា នោះវានឹងបញ្ចប់ជីវិតរបស់ពួកគេ។
ផ្ទុយទៅវិញ ឧបករណ៍សម្រាប់ការធ្វើអត្តឃាតនេះ ត្រូវបានគេបញ្ចូលដោយសារធាតុអាសូត ដែលកាត់បន្ថយកម្រិតអុកស៊ីសែនបានយ៉ាងឆាប់រហ័ស។ ដំណើរការនេះ នឹងធ្វើឱ្យមនុស្សនៅខាងក្នុងបាត់បង់ស្មារតី និងស្លាប់ក្នុងរយៈពេលប្រហែល 10 នាទី។
ឧបករណ៍សម្រាប់ការធ្វើអត្តឃាត ត្រូវបានដំណើរការពីខាងក្នុង ហើយក៏មានប៊ូតុងសង្គ្រោះបន្ទាន់ដើម្បីចាកចេញផងដែរ។
Daniel Huerlimann អ្នកជំនាញផ្នែកច្បាប់ និងជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ St Gallen ត្រូវបានសួរដោយ Sarco ដើម្បីស្វែងយល់ថា តើការប្រើប្រាស់ឧបករណ៍សម្រាប់ការធ្វើអត្តឃាតនេះ នឹងបំពានច្បាប់របស់ប្រទេសស្វីសដែរឬទេ។
គាត់បានប្រាប់អ្នកសារព័ត៌មាន BBC អំពីការរកឃើញរបស់គាត់ដែលបានណែនាំថា ឧបករណ៍នេះ "មិនមែនបង្កើតឡើងជាឧបករណ៍វេជ្ជសាស្ត្រនោះទេ" ដូច្នេះវានឹងមិនគ្របដណ្តប់ដោយច្បាប់ផលិតផលព្យាបាលរបស់ប្រទេសស្វីសឡើយ។ គាត់ក៏ជឿថា វានឹងមិនមានកំហុសណាមួយចំពោះច្បាប់គ្រប់គ្រងការប្រើប្រាស់សារធាតុអាសូត អាវុធ ឬសុវត្ថិភាពរបស់ផលិតផលណាមួយនោះទេ។
លោកបានបន្តថា ៖ “ នេះមានន័យ ថាឧបករណ៍សម្រាប់ការធ្វើអត្តឃាតនេះ មិនត្រូវបានគ្របដណ្ដប់ដោយច្បាប់ស្វីសទេ”។ ប៉ុន្តែ Kerstin Noelle Vkinger វេជ្ជបណ្ឌិត មេធាវី និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Zurich បានប្រាប់កាសែតស្វីស Neue Zurcher Zeitung ថា ឧបករណ៍វេជ្ជសាស្ត្រ គឺត្រូវបានគ្រប់គ្រងដោយច្បាប់ ព្រោះវាត្រូវបានគេសន្មត់ថាមានសុវត្ថិភាពជាងផលិតផលផ្សេងទៀត។ ដោយសារតែផលិតផលមួយមិនផ្តល់អត្ថប្រយោជន៍ដល់សុខភាព មិនមែនមានន័យថា វាមិនត្រូវបានប៉ះពាល់ដោយតម្រូវការសុវត្ថិភាពបន្ថែមទាំងនេះនោះទេ។
ហើយ Dignitas បានប្រាប់ BBC ថា “ប្រទេសស្វីសមានការអនុវត្តវិជ្ជាជីវៈរួមជាមួយនឹងការធ្វើអត្តឃាតជាមួយបុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល ដោយសហការជាមួយគ្រូពេទ្យជំនាញ”។ "នៅក្នុងការរកឃើញនៃការអនុវត្តដែលបានបង្កើតឡើងដោយ សុវត្ថិភាព និងប្រកបដោយវិជ្ជាជីវៈនេះ យើងនឹងមិននឹកស្មានថា កន្សោមបច្ចេកវិជ្ជាសម្រាប់ការបញ្ចប់ជីវិតដែលកំណត់ដោយខ្លួនឯង នឹងមានការទទួលយក ឬការចំណាប់អារម្មណ៍ជាច្រើននៅក្នុងប្រទេសស្វីសនោះទេ"។
អត្ថបទដកស្រង់ពី Jane Wakefield
បកប្រែនិងកែសម្រួលដោយ Mr. Blue