ថ្លែងនៅក្នុងកិច្ចប្រជុំនាខេត្តសៀមរាប នាថ្ងៃនេះ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករក៏ដូចជាសេវាករទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការច្នៃប្រឌិតផលិតផលថ្មីៗប្លែកៗ ប្រកបដោយគុណភាព និងពង្រឹងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការបើកទេសចរណ៍ឡើងវិញ ក៏ដូចជារួមគ្នាទាំងវិស័យរដ្ឋ និងឯកជនពង្រីកសក្តានុពលទេសចរណ៍ខេត្តសៀមរាបឱ្យកាន់តែសម្បូរបែបក្រោមរូបភាព“សៀមរាបក្រៅពីប្រាសាទ”។
លោកស្រី ហ៊ុន ដានី ថ្លែងថាកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងទេសចរណ៍កន្លងមកក្នុងការអនុវត្តសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទី និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ ជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន។ លោកស្រីបន្តថា ដើម្បីត្រៀមខ្លួន ក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិសុវត្ថិភាព ដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលមកកម្ពុជា ក្រសួងទេសចរណ៍បាននិងកំពុងខិតខំជំរុញចលនាទេសចរណ៍ក្នុងស្រុកជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) និងវិធានការណែនាំនានារបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះក្រសួងក៏កំពុងខិតខំពង្រឹងគុណភាពសេវាកម្ម អនាម័យ បដិសណ្ឋារ កិច្ចឱ្យបានកាន់តែល្អថែមទៀត។
រារដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះបានប្រកាសបើកប្រទេសឡើងវិញហើយក្នុងនោះ សេវាកម្ម មួយចំនួនដូចជាភោជនីយដ្ឋាន ខារ៉ាអូខេ រង្គសាល រោងភាពយន្តជាដើម ក៏បាន អនុញ្ញាតិ ឲ្យបើកឡើងវិញផងដែរ។ ដោយឡែកវិស័យទេសចរណ៏ ក៏បានបើកឡើងវិញ ជាបណ្តើរៗ ដោយអនុវត្តទៅតាម វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ។ ក្រោយពីការប្រកាសបើកឡើងវិញនេះ ចលនាទេចរក្នុងស្រុក ក៏បានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
ទន្ទឹមនឹងការងើបឡើងវិញ នៃចលនាទេសចរក្នុងស្រុក លោកស្រី ហ៊ុន ដានី អះអាងថា មូលដ្ឋានអាជីវកម្មមួយចំនួនធំបានចាប់ផ្តើមបើកដំណើរការឡើងវិញ ដែលផ្តល់ឱកាសឱ្យបុគ្គលិកបាន ចូលបម្រើការ។ លោកស្រីបញ្ជាក់ថា ក្រសួងបានយកឱកាសនៃវិបត្តិជំងឺកូវីដ-១៩ ដើម្បីពង្រឹងគុណភាពសេវាកម្មអនាម័យ បដិសណ្ឋារកិច្ច និងជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីបង្កើនល្បឿនចលនាទេសចរក្នុងស្រុកឱ្យមានសន្ទុះឡើងវិញព្រមទាំងត្រៀមទទួលទេសចរអន្តរជាតិសុវត្ថិភាពដែលបានចាក់វ៉ាក់សាំងរួចហើយ ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តសៀមរាបបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “ការចូលរួមរបស់ស្ត្រីក្នុងផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩” ក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តយុវជន ស.ស.យ.ក ព្រមទាំងប្រតិបត្តិករ សេវាករទេសចរណ៍ ក្នុងខេត្តសៀមរាប ប្រមាណជាង១០០នាក់៕ (មានជ័យ)