មានប្រសាសន៍ពីការដ្ឋានសាសង់ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍លើកឡើងពីមូលហេតុ ដែលត្រូវសាសង់ ព្រលានយន្តហោះបន្ថែមដោយបញ្ជាក់ថា ព្រលានយន្តហោះសព្វថ្ងៃមិនអាចបំពេញតម្រូវការនៅពេលប្រទេសជាតិមានការរីកចម្រើនបានទេ។
បើតាមសម្ដេច តេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៦ ប្រទេសកម្ពុជាទទួល ទេសចរត្រឹមតែ៦លាន៦សែននាក់ប៉ុណ្ណោះ តែយើងមិនចង់បានអ្នកទេសចរ ៦លាន៦សែននាក់នោះទេ គោលដៅរបស់កម្ពុជានឹងទទួលទេសចររហូតដល់ ១៥លាននាក់ទៅ ២០លាននាក់ឯណោះ ដូច្នេះហើយទើប មានតម្រូវការនៃការពង្រីកព្រលានយន្តហោះថ្មីនេះ។ សម្តេចបន្តថា កម្ពុជាត្រូវការពង្រីកសមត្ថភាពក្នុងការទទួលជើងហោះហើរទាំងក្រៅប្រទេស និងក្នុងប្រទេស ប៉ុន្តែព្រលានយន្តហោះបច្ចុប្បន្នមិនអាចទាញយកផលប្រយោជន៍ពីការបើកចំហជើងមេឃសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលនឹងកើនឡើងកាន់តែច្រើននោះបានទេ។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា សមត្ថភាពរបស់យើងក្នុងមួយពេលអាចទទួលបានត្រឹមតែយន្តហោះ ប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់នៅភ្នំពេញហើយកាន់តែតិចទៅទៀតសម្រាប់នៅសៀមរាប ដែលអាចចុះចតបានត្រឹមតែយន្តហោះធុនតូចៗប៉ុណ្ណោះ។ សម្តេចថា នៅភ្នំពេញអាចចុះចតយន្តហោះធុនធំៗបាន ប៉ុន្តែពាក់ព័ន្ធទៅនឹងចំណត ដែលនៅភ្នំពេញមានក្បាលប្រមោយតែមួយប៉ុណ្ណោះ ដូច្នេះ បើមានយន្តហោះចុះចតច្រើនមិនអាចមានក្បាលប្រមោយនេះគ្រប់គ្រាន់ទេ ។
សម្ដេច ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ពិតមែនហើយថាព្រលានយន្តហោះនេះអាចផ្គត់ផ្គង់តម្រូវការបានកាលពីសម័យទសវត្សឆ្នាំ៨០និង៩០ ប៉ុន្តែមកដល់ឥឡូវនេះគឺមិនអាចទទួលបានទេ នៅពេលដែលប្រទេសមានការរីកចម្រើននិងទេសចរណ៍កាន់តែច្រើន។ សម្តេចបន្តថា គោលដៅរបស់កម្ពុជានឹងទទួលទេសចររហូតដល់ ១៥លាននាក់ទៅ ២០លាននាក់ ដូច្នេះហើយទើបមានតម្រូវការនៃការពង្រីកព្រលានយន្តហោះថ្មីនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាលើកទី២ ហើយ ដែលត្រូវបានប្រសិទ្ធនាមថា "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ"។
តាមការឲ្យដឹងពីអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ទទួលការវិនិយោគលានយន្តហោះនេះបានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីនេះជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយកនិងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕ (មានជ័យ)