នៅក្នុងប្រពៃណីចិន អាពាហ៍ពិពាហ៍ខ្មោច គឺជាអាពាហ៍ពិពាហ៍ដែលប្រារព្ធឡើងសម្រាប់ភាគីម្ខាង ឬភាគីទាំងពីរដែលបានស្លាប់ទៅហើយ។ ដើមកំណើតនៃអាពាហ៍ពិពាហ៍ខ្មោចរបស់ជនជាតិចិន ភាគច្រើនមិនត្រូវបានដឹងនោះទេ។
មូលហេតុដែលប្រារព្ធពិធីនេះ
នៅក្នុងវប្បធម៌ប្រពៃណីរបស់ចិន វាជារឿងគួរឱ្យអាម៉ាស់ក្នុងការធ្វើជាឪពុកម្តាយរបស់កូនស្រីដែលមិនទាន់រៀបការ ហើយជារឿយៗក្មេងស្រីមិនទាន់រៀបការត្រូវបានគេកាត់ផ្តាច់ពីសង្គម។ សម្រាប់បុរស ពិធីរៀបការខ្មោចត្រូវបានធ្វើឡើងជាញឹកញាប់ ដើម្បីជាប្រយោជន៍ដល់កូនចៅ។ លើសពីនេះ អាពាហ៍ពិពាហ៍ខ្មោចសម្រាប់បុរស អនុញ្ញាតឱ្យវង្សត្រកូលរបស់គ្រួសារបន្តទៅមុខបានយូរអង្វេង។ ប្រពន្ធរបស់បុរសដែលបានស្លាប់នោះ អាចយកទទួលចិញ្ចឹមកូន ដែលនឹងបន្តពូជពង្សគ្រួសារបុរសនោះបាន។ ហេតុផលផ្សេងទៀតសម្រាប់ការប្រារព្ធអាពាហ៍ពិពាហ៍ខ្មោចសម្រាប់បុរសដែលបានស្លាប់ គឺជាការពន្យល់សប្តិពីវិញ្ញាណរបស់បុរសដែលចង់រៀបការ។ ទំនៀមទំលាប់ចិនក៏និយាយផងដែរថា ប្អូនប្រុសមិនអាចរៀបការមុនបងធំរបស់ពួកគេនោះទេ ដូច្នេះជួនកាលការរៀបការខ្មោចរបស់ចិននឹងត្រូវធ្វើឡើង ដើម្បីឲ្យស្របតាមប្រពៃណីនេះ។
លក្ខខណ្ឌនៃការពិធីនេះ
ពេលខ្លះនៅពេលដែលគូដណ្តឹងរបស់នារីម្នាក់បានស្លាប់ ដើម្បីអោយនាងមានសិទ្ធិធ្វើពិធីមង្គលការខ្មោច នាងត្រូវតែចូលរួមក្នុងពិធីបុណ្យសពរបស់បុរសនោះ ដែលរួមមានស្តង់ដារនៃការកាន់ទុក្ខដែលមិនមែនជាការស្រួល ការសច្ចាប្រណិធាននូវភាពជាស្រី (នៅក្រមុំ) និងដើម្បីចូលស្នាក់នៅភ្លាមៗជាមួយគ្រួសាររបស់បុរសនោះ។ សម្រាប់បុរសមិនមានតម្រូវការដែលធ្វើបែបនេះទេ។
ការលួចសាកសពស្ត្រី
ការអនុវត្តនេះនាំឱ្យមានការរាយការណ៍ពីករណីលួចសាកសពស្ត្រី។ ក្នុងឆ្នាំ 2017-19 វាត្រូវបានគេរាយការណ៍ថាទីផ្សារងងឹតនៃសាកសពស្ត្រីបានលេចឡើងនៅក្នុងខេត្ត Shandong, Shanxi និង Shaanxi ។ សាកសពស្ត្រីអាចត្រូវបានលក់ក្នុងតម្លៃជាច្រើនរយពាន់យន់ សម្រាប់គោលបំណងនៃអាពាហ៍ពិពាហ៍ខ្មោចនេះ។ សូម្បីតែសាកសពស្ត្រីដែលរៀបការហើយក៏ដោយ ឬក៏ស្ត្រីវ័យចំណាស់បានក្លាយជាគោលដៅនៃការជួញដូរខុសច្បាប់នេះ។ នៅឆ្នាំ 2019 ទីបញ្ចុះសពមួយចំនួននៅក្នុងខេត្ត Henan បានប្រើកាមេរ៉ា CCTV និងមឈូសបេតុងដើម្បីការពារចោរកម្មនេះ។
អាពាហ៍ពិពាហ៍ខ្មោចចិនជាធម្មតាត្រូវបានបង្កើតឡើងដោយគ្រួសារនៃអ្នកស្លាប់ ហើយត្រូវបានអនុវត្តសម្រាប់ហេតុផលមួយចំនួន រួមទាំងអាពាហ៍ពិពាហ៍របស់ប្តីប្រពន្ធដែលបានភ្ជាប់ពាក្យមុនពេលសមាជិកម្នាក់ស្លាប់ ឬដើម្បីបញ្ចូលកូនស្រីដែលមិនទាន់រៀបការទៅជាបុព្វបុរសនៃពូជពង្សណាមួយ ឬដើម្បីធានាថាវង្សត្រកូលត្រូវបានបន្ត ឬដើម្បីធានាថាគ្មានប្អូនប្រុសរៀបការមុនបងធំទេ។
1. ភ្ជាប់ពាក្យពីមុន
នៅពេលគូដណ្តឹងរបស់នាងស្លាប់ កូនក្រមុំអាចជ្រើសរើសចូលរោងការ ដែលក្នុងនោះកូនកំលោះត្រូវបានតំណាងដោយមាន់ជល់ពណ៌សក្នុងពិធី។
ទោះជាយ៉ាងណាក៏ដោយ ស្ត្រីមួយចំនួនមានការស្ទាក់ស្ទើរ ដោយសារទម្រង់នៃអាពាហ៍ពិពាហ៍ខ្មោចនេះ តម្រូវឱ្យនាងចូលរួមក្នុងពិធីបុណ្យសព ទំនៀមទំលាប់នៃកាន់ទុក្ខ (រួមទាំងស្តង់ដារការស្លៀកពាក់ដ៏តឹងរ៉ឹង) ធ្វើសច្ចាប្រណិធានចំពោះភាពជាស្រី ហើយចូលស្នាក់នៅជាមួយគ្រួសារខាងប្រុសភ្លាមៗ។ កូនកំលោះមានជម្រើសក្នុងការរៀបការជាមួយគូដណ្តឹងដែលស្លាប់របស់គាត់ ដោយគ្មានគុណវិបត្តិ ប៉ុន្តែមិនមានកំណត់ត្រានៃអាពាហ៍ពិពាហ៍បែបនេះទេ។
2. ស្ត្រីនិងអាពាហ៍ពិពាហ៍ខ្មោច
- ជាការផ្តល់អំណោយដល់កូនស្រីដែលបានស្លាប់
នៅពេលនិយាយដល់ទំនៀមទំលាប់នៃការស្លាប់ ស្ត្រីជនជាតិចិនដែលមិនទាន់រៀបការ ពុំមានកូនចៅណាគោរពបូជា ឬថែរក្សានាងជាផ្នែកនៃត្រកូលនោះឡើយ។ ផ្លាកព្រលឹងរបស់ស្រ្តីដែលរៀបការហើយ នឹងត្រូវបានរក្សាទុកនៅអាសនៈនៃគ្រួសារប្តីរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីដែលជាក្រមុំចាស់ គ្រួសាររបស់នាងត្រូវបានហាមឃាត់ មិនឱ្យដាក់ផ្លាកព្រលឹងរបស់នាងនៅលើអាសនៈនៃផ្ទះគ្រួសាររបស់នាង ប៉ុន្តែដាក់នៅជ្រុងក្បែរទ្វារ។ ដូច្នេះ កាតព្វកិច្ចសំខាន់របស់ឪពុកម្ដាយក្នុងនាមជាជនជាតិចិន គឺការរៀបការឲ្យកូនៗ ដែលជាការសំខាន់សម្រាប់កូនស្រីរបស់ពួកគាត់។ ដោយសារស្ត្រីអាចទទួលបានភាពជាសមាជិកក្នុងគ្រួសារមួយតាមរយៈអាពាហ៍ពិពាហ៍ប៉ុណ្ណោះ អាពាហ៍ពិពាហ៍ខ្មោចបានក្លាយជាដំណោះស្រាយដែលអាចសម្រេចបាន ដើម្បីធានាថាកូនស្រីដែលមិនទាន់រៀបការ និងដែលបានស្លាប់នៅតែមាន ទទួលការថែទាំត្រឹមត្រូវបន្ទាប់ពីការស្លាប់។
ទំនៀមទម្លាប់នៃការស្លាប់មួយទៀតទាក់ទងនឹងកូនស្រីមិនទាន់រៀបការ គឺការហាមឃាត់នាងមិនឱ្យស្លាប់នៅក្នុងផ្ទះគ្រួសាររបស់នាង ជំនួសមកវិញ នៅព្រះវិហារ ឬ "ផ្ទះមរណៈ" សម្រាប់ក្រមុំចាស់ត្រូវសាងសង់កូនផ្ទះ ឬគ្រួសារយកកូនស្រីរបស់ពួកគេទៅផ្ទះទទេ ឬអគារខាងក្រៅដើម្បីស្លាប់។
- កូនស្រី (ដែលនៅរស់) មិនទាន់រៀបការ
មិនត្រឹមតែទំនៀមទម្លាប់ចិនដែលទាក់ទងនឹងសេចក្ដីស្លាប់បានដាក់បន្ទុកគ្រួសារយ៉ាងខ្លាំងនោះទេ ប៉ុន្តែកូនស្រីដែលមិនទាន់រៀបការបានក្លាយជាប្រភពនៃការអាម៉ាស់ និងការព្រួយបារម្ភយ៉ាងខ្លាំង។ "នៅក្នុងជាប្រពៃណី ក្មេងស្រីដែលមិនរៀបការត្រូវបានចាត់ទុកថាជា ការគំរាមកំហែងដល់គ្រួសារទាំងមូល ហើយមិនត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅក្នុងផ្ទះនោះទេ។ ស្ត្រីដែលមិនទាន់រៀបការត្រូវបានសន្មត់ថាមានបញ្ហាផ្លូវចិត្ត។ សន្មតថាគ្មានមនុស្សធម្មតាណាដែលមិនទាន់រៀបការដោយស្ម័គ្រចិត្តនោះទេ។ "ការអនុវត្តអាពាហ៍ពិពាហ៍ខ្មោចបានអនុញ្ញាតឱ្យពួកគេនៅលីវ ខណៈពេលដែលនៅតែត្រូវបានបញ្ចូលទៅក្នុងត្រកូលមួយ។ ទោះបីជាយ៉ាងណាក៏ដោយ វាបានភ្ជាប់មកជាមួយអត្ថន័យអវិជ្ជមានមួយចំនួន ដែលត្រូវបានគេហៅថា "អាពាហ៍ពិពាហ៍វិញ្ញាណក្លែងក្លាយ" ឬហៅថា "ការរៀបការជាមួយបន្ទះវិញ្ញាណ" និងជាវិធីដើម្បីជៀសវាងការរៀបការជាដើម។
3. ការបន្តពូជពង្ស
ប្រសិនបើកូនប្រុសស្លាប់មុនរៀបការ ឪពុកម្តាយរបស់គាត់បានរៀបចំពិធីមង្គលការខ្មោច ដើម្បីផ្តល់កូនចៅបន្តពូជពង្ស និងផ្តល់កូនចៅឱ្យគាត់។
ប្រសិនបើគ្រួសារ "មានទ្រព្យសម្បត្តិគ្រប់គ្រាន់ដើម្បីល្បួងក្មេងស្រី [ដែលរស់នៅ]" អាពាហ៍ពិពាហ៍ខ្មោចអាចចំណេញពួកគេជាមួយនឹងទ្រព្យសម្បត្តិនៃការមានកូនប្រសារ។ ប្រពន្ធរបស់កូនប្រុសដែលបានស្លាប់នឹងផ្តល់ផលប្រយោជន៍ដល់គ្រួសារប្តីរបស់នាងតាមរយៈការក្លាយជាអ្នកមើលថែនៅក្នុងផ្ទះរបស់ពួកគេ។
នៅពេលដែលកូនប្រុសដែលស្លាប់មានប្រពន្ធ គ្រួសារអាចទទួលយកអ្នកស្នងមរតក ឬ "ចៅប្រុស" ដើម្បីបន្តគ្រួសារ។ គោលបំណងរបស់កូនប្រសារគឺមិនមែនបង្កើតកូនចៅទេ ព្រោះនាងរស់នៅប្រកបដោយភាពបរិសុទ្ធ ប៉ុន្តែនាងបានក្លាយជា "ឧបករណ៍សង្គម" ដែលអាចឱ្យគ្រួសារទទួលយកបាន។ សាច់ញាតិខាងបុរសដែលពាក់ព័ន្ធ ជាធម្មតាតាមរយៈបងប្រុសឬប្អូនប្រុស ដែលប្រគល់កូនប្រុសរបស់គាត់ទៅត្រកូលរបស់អ្នកស្លាប់។ ការសុំកូនត្រូវបានអនុវត្តដោយការសរសេរកិច្ចសន្យា ដែលបន្ទាប់មកត្រូវបានដាក់នៅក្រោមស្លាកព្រលឹងរបស់បុរសដែលបានស្លាប់។ ក្នុងនាមជាកូនចិញ្ចឹម ភារកិច្ចរបស់គាត់គឺធ្វើដង្វាយជូនដូនតា នៅថ្ងៃខែឆ្នាំកំណើត និងមរណភាពរបស់គាត់ ហើយគាត់ក៏មានសិទ្ធិ "ទទួលមរតកចំណែកនៃទ្រព្យសម្បត្តិគ្រួសាររបស់ឪពុកចិញ្ចឹមរបស់គាត់"។
4. ការស្នើសុំពីអ្នកស្លាប់
អាពាហ៍ពិពាហ៍ខ្មោចតែងត្រូវបានបង្កើតឡើងដោយការស្នើសុំពីវិញ្ញាណនៃអ្នកស្លាប់ ដែលនៅពេល "រកឃើញខ្លួនឯងដោយគ្មានប្ដីឬប្រពន្ធក្នុងពិភពផ្សេង" នាំឱ្យមានសំណាងអាក្រក់ដល់គ្រួសារកំណើតរបស់ខ្លួន។ វិញ្ញាណអាចលេចឡើងចំពោះសមាជិកគ្រួសារក្នុងសុបិនមួយ ហើយស្នើសុំប្តីឬប្រពន្ធ។
5. ករណីផ្សេងទៀតនៃអាពាហ៍ពិពាហ៍ខ្មោច
ដោយសារទំនៀមទម្លាប់ចិនកំណត់ថា ប្អូនប្រុសមិនគួររៀបការមុនបងធំទេ ពិធីរៀបការខ្មោចសម្រាប់បងប្រុសដែលបានស្លាប់ទៅ ប្រហែលជាត្រូវបានរៀបចំមុនពិធីមង្គលការប្អូនប្រុស ដើម្បីជៀសវាង “ការមិនពេញចិត្តរបស់ខ្មោចរបស់បងប្រុសគាត់។” លើសពីនេះទៀត នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍ខ្មោចត្រូវបានគេប្រើដើម្បី "ពង្រឹងចំណងមិត្តភាពរវាងគ្រួសារពីរ"។
ការរៀបចំពិធី
ប្រសិនបើគ្រួសារមួយចង់រៀបចំអាពាហ៍ពិពាហ៍ខ្មោច ពួកគេអាចប្រឹក្សាជាមួយអ្នកផ្គូផ្គងមួយប្រភេទ៖ នៅក្នុងតំបន់ Cantonese នៃប្រទេសសិង្ហបុរី "តាមពិតមានសញ្ញារបស់មេខ្យល់រៀបការខ្មោចបានព្យួរនៅមាត់ទ្វារផ្ទះអាចារ្យ។ មេខ្យល់ប្រកាសថា គាត់សុខចិត្តធ្វើការស្វែងរកក្រុមគ្រួសារដែលមានសមាជិកមរណៈ ឲ្យសមស្របជាមួយហោរាសាស្ត្ររបស់អ្នកស្លាប់ម្ខាងទៀត”។
អ្នកផ្សេងទៀតមិនប្រើជំនួយពីអាចារ្យ ឬគ្រូទាយណាមួយឡើយ ហើយជឿថាកូនកំលោះដែលជាខ្មោចកូនបានជ្រើសរើសក្រមុំហើយ។ ដោយដាក់លុយក្នុងអាំងប៉ាវ ជានុយនៅកណ្តាលផ្លូវដើរ។ បន្ទាប់មកពួកគេនាំគ្នាទៅលាក់ខ្លួន ហើយនៅពេលដែលមានអ្នកដើរកាត់យកអាំងប៉ាវនោះ ពួកគេនឹងចេញមកប្រកាសអំពីស្ថានភាពរបស់ខ្លួនថា ត្រូវបានកូនកំលោះបានជ្រើសរើស។
ពិធីមង្គលការខ្មោច
នៅក្នុងអាពាហ៍ពិពាហ៍ខ្មោច ក៏ដូចជាពិធីអាពាហ៍ពិពាហ៍ធម្មតាដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារភាគីមួយ ឬច្រើនបានស្លាប់ ពួកគេត្រូវបានតំណាងដោយវិធីផ្សេង ភាគច្រើននិងជាញឹកញាប់ដោយរូបចម្លាក់ធ្វើពីក្រដាស ឬស្សី ឬក្រណាត់។
ជាឧទាហរណ៍ គូស្វាម៉ីភរិយាខ្មោចនៅក្នុងពិធីមង្គលការរបស់ពួកគេ កូនកំលោះកូនក្រមុំអាចសង់ពីក្រដាសលើស៊ុមឬស្សីដែលមានក្បាលជាក្រដាស។ និងមានសំភារៈផ្សេងៗ ដែលធ្វើពីក្រដាសសម្រាប់សែន បន្ទាប់ពីពិធីមង្គលការត្រូវបានបញ្ចប់ សម្ភារៈក្រដាសទាំងអស់ត្រូវបានដុតដើម្បីបញ្ជូនទៅពិភពវិញ្ញាណ ដើម្បីឲ្យគូស្នេហ៍បានប្រើប្រាស់។
នៅក្នុងពិធីមួយផ្សេងទៀតដែលបានរៀបការជាមួយកូនកំលោះដែលរស់នៅជាមួយកូនក្រមុំខ្មោច រូបចម្លាក់គឺស្រដៀងគ្នា ប៉ុន្តែត្រូវបានសាងសង់ដោយឆ្អឹងខ្នងឈើ ដៃធ្វើពីកាសែត និងក្បាលរបស់ "ក្មេងស្រីញញឹមដែលកាត់ចេញពីប្រតិទិនជញ្ជាំង។" ដូចគ្នានេះដែរ បន្ទាប់ពីពិធីបុណ្យអាពាហ៍ពិពាហ៍ នំប៉ាវត្រូវបានដុត។ ក្នុងករណីទាំងពីរនេះ រូបចម្លាក់ពាក់សម្លៀកបំពាក់ពិតៗ ស្រដៀងនឹងវត្ថុដែលប្រើជាធម្មតាក្នុងពិធីអាពាហ៍ពិពាហ៍។ នេះរួមបញ្ចូលទាំងខោមួយគូ សំពត់ពណ៌ស រ៉ូបពណ៌ក្រហម ជាមួយនឹងរ៉ូបចរ។ លើសពីនេះទៀត ពួកគេត្រូវបានតុបតែងដោយគ្រឿងអលង្ការ។
ពិធីរៀបការ និងពិធីសាសនាភាគច្រើនត្រូវបានគេធ្វើតាមទំនៀមទម្លាប់ចិន។ តាមពិត "កូនក្រមុំតែងតែត្រូវបានគេចាត់ទុកដូចជានាងនៅមានជីវិត ហើយមានវត្តមានក្នុងពីធី"។ តាំងពីការញ៉ាំអាហារក្នុងពិធីមង្គលការនៅពេលព្រឹក រហូតដល់ត្រូវបានអញ្ជើញចូលក្នុង និងក្រៅកាប៊ីន ដើម្បីប្រាប់ពីការមកដល់ផ្ទះរបស់កូនកំលោះ។ ហើយបន្ទាប់មកដាក់ស្លាកព្រលឹងរបស់គាត់ជាមួយគ្រួសាររបស់កូនកំលោះនៅចុងបញ្ចប់នៃពិធីបុណ្យអាពាហ៍ពិពាហ៍នេះ៕