បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរួមភេទជាមួយអនីតិជន (អាយុក្រោម១៥ឆ្នាំ) កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៣និង២០នាទីទៀបភ្លឺ ត្រង់ចំនុចផ្ទះកំពុងសាងសង់ក្រុមទី០៧ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរាយការណ័អោយដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ១នាក់ឈ្មោះ រី រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ បានប្រព្រឹត្តសកម្មភាពរួមភេទជាមួយក្មេងស្រី១នាក់ ឈ្មោះ ឃ ទ ង ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរនៅផ្ទះ តាមពាក្យបណ្តឹងរបស់ឪពុកជនរងគ្រោះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣៥នាទី។ ក្រោយទទួលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើនេះមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ខ្លួនបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការនគរបាលស្រុក រៀបចំសំណុំរឿងបញ្ជូនជនសង្ស័យយកទៅអនុវត្តតាមនីតិវិធីច្បាប់៕