រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិកា បាន ត្រៀមលក្ខណៈ ដើម្បីធ្វើការរៀបចំ វេទិការទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ខាងមុខ ឱ្យប្រព្រឹត្តទៅបានយ៉ាងរលូនល្អ និងធានាទៅដល់មុខមាត់ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសគឺក្រុងព្រះសីហនុ ដែលកំពុងមានភាពដុះដាល និងរីកលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ថ្លែងនៅក្នុងកម្មវិធី Famtrip នៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នាចុងសប្តាហ៏កន្លងទៅនេះលោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានអះអាងថា រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌូណេស៊ី នឹងដឹកនាំប្រតិភូ ចូលរួមដោយផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ ខាងលើនេះ ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានបង្ហាញការគាំទ្រ និងជំរុញឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា និងការជំរុញឲ្យមានចលនាទេសចរណ៍វ៉ាក់សាំងទៅវិញទៅមក រវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខ ។ លោក Sudirman Haseng បានអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស គឺភាពជោគជ័យលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ លោកក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឥណ្ឌូណេស៊ី ដែលកំពុងរស់នៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា វេទិការទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ខាងមុខ នៅក្នុងក្រុងព្រះសីហនុ ជាវេទិការលើកទី៤០ ហើយវេទិកានេះ នឹងនាំមកនូវមុខមាត់ ក៏ដូចជាឳកាស បង្ហាញនូវស្នាដៃជាច្រើនរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។
ទីតាំងដែលត្រៀមនឹងរៀបចំវេទិការទេសចរណ៍អាស៊ានលើកទី ៤០ នេះ នឹងត្រូវធ្វើឡើងនៅបណ្ដោយឆ្នេររបស់សណ្ឋាគារសុខាហើយវេទិកានេះ រៀបចំឡើងក្នុងគោលបំណងឆ្ពោះទៅរកការស្ដារឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា ដែលបានទទួលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ ១៩ ក៏ដូចជាការបើកឡើងវិញ នៃវិស័យទេសចរណ៍ក្នុងតំបន់ ប្រកបដោយភាពធន និរន្តរភាព និងភាពទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅកាន់ថ្ងៃអនាគត៕ (មានជ័យ)