យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការថើបអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាការកើនឡើងកម្រិតនៃអរម៉ូន endorphins កាត់បន្ថយអាឡែរហ្សី កាត់បន្ថយបរិមាណអរម៉ូនស្ត្រេសនៅក្នុងរាងកាយ មិនឲ្យមានភាពតានតឹងបានយូរ និងកាត់បន្ថយកម្រិត cortisol នៅក្នុងខួរក្បាល។ Cortisol គឺជាអរម៉ូនដែលត្រូវបានបញ្ចេញទៅក្នុងរាងកាយរបស់យើង ក្នុងការឆ្លើយតបទៅនឹងភាពតានតឹង។ ការបញ្ចេញវាច្រើនពេកក្នុងរយៈពេលយូរ អាចបណ្តាលឱ្យមានផលវិបាកដល់សុខភាពរយៈពេលវែង ដូចជាការកើនឡើងកម្រិតជាតិស្ករក្នុងឈាមជំងឺបេះដូងឬប្រព័ន្ធការពាររាងកាយចុះខ្សោយ នេះបើយោងតាម Boston Medical Group, KOLD News និង Premier Health។
ដូច្នេះ អ្នកប្រហែលជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងហើយមែនទេ ដែលអ្នកវិទ្យាសាស្រ្តប្រាប់យើងថា ការថើបដៃគូរបស់អ្នកជាទៀងទាត់ មានអត្ថប្រយោជន៍ច្រើនបែបនេះ។
ការថើបក្នុងពេលដំណាលគ្នាចអាចកាត់បន្ថយភាពតានតឹង និងដុតកាឡូរី
មានវិធីផ្សេងទៀត ដែលការថើបអាចជះឥទ្ធិពលវិជ្ជមានដល់សុខភាពរបស់យើង គឺតាមរយៈការដុតកាឡូរី។ អ្នកឯកទេសខាងជំងឺបេះដូងជនជាតិអាមេរិក Joseph S. Alpert, MD, បានបោះពុម្ពផ្សាយការសិក្សាមួយនៅក្នុង American Journal of Medicine ជាមួយនឹងការរកឃើញដែលបង្ហាញថា ការថើប អាចដុតបំផ្លាញពី 2 ទៅ 26 កាឡូរីក្នុងមួយនាទី ដែលបានរួមបញ្ចូលសាច់ដុំមុខពី 23 ទៅ 34 ផងដែរ។
មិនថាជាការបង្កើនទំនាក់ទំនងផ្លូវអារម្មណ៍ជាមួយដៃគូដែលអាចជួយបង្កើនអាយុជីវិតរបស់អ្នក ឬការកាត់បន្ថយភាពតានតឹងក្នុងរាងកាយរបស់យើងនោះទេ វាច្បាស់ណាស់ថា ការថើបមានឥទ្ធិពលវិជ្ជមានទៅលើសុខុមាលភាពផ្លូវចិត្ត និងរាងកាយរបស់យើង៕