រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកស៊ើបសួរលើយុវជនម្នាក់ ដែលជេរប្រមាថសមត្ថកិច្ចជាផ្លូការណ៍ហើយ។
លោកអ្នកនាំពាក្យបញ្ជាក់ថា ករណីខាងលើនេះតំណាងអយ្យការបានបើកការស៊ើបសួរពីបទ .បើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្ត្រីនគរចរាចរណ៍ផ្លូវគោក, បទរារាំងឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ, បទហិង្សាដោយចេតនា, បទប្រមាថនិងបទប្រឆាំងនិងអ្នករាជការសាធារណៈ តាមមាត្រា៧៦ និងមាត្រា៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧ មាត្រា៥០២ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីតំណាងអយ្ការចោទប្រកាន់ជាផ្លូវការណ៍ សំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាប៉ុណ្តោះអាសន្ន។ប៉ុន្តែនាសៀលថ្ងៃដដែលនេះជនសង្ស័យមិនទាន់ត្រូវបានចាត់បញ្ជូនដល់ដៃចៅក្រមស៊ើបសួរនៅឡើយទេ អាចព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ទើបសមត្ថកិច្ចនាំទៅបន្តនីតិវិធីទៀត។
ដែលសំណុំរឿងបានស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរដោយមានជនសង្ស័យឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជន។ ជនសង្ស័យបានរងនូវការចោទប្រកាន់ក្នុងការធ្វើសកម្មភាពជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅដែលត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន៕