Aljazeera-
ក្រសួងការពារប្រទេសចិនបាននិយាយថា គ្មានកន្លែងដែលត្រូវសម្របសម្រួលជាមួយអាមេរិក នៅពេលដែលចូលមកដល់តៃវ៉ាន់នោះទេ, ការបាញ់កាំភ្លើងជាចុងក្រោយនៅក្នុងសង្រ្គាមពាក្យសំដី ដែលបង្ហាញនូវជំហរទៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលប៉េកាំងបានចាត់ទុកថាជាខេត្តដែលក្បត់។ នៅពេលដែលគេសួរអំពីទំនាក់ទំនងចិន-អាមេរិកនៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Quian បាននិយាយថាទាំងសងខាងបានទទួលនូវផលប្រយោជន៍ពីការមានទំនាក់ទំនងដែលមានសុខភាព និងស្ថិរភាពល្អ។
“ទោះជាយ៉ាងណាក៏ដោយ, នៅក្នុងរយៈពេលមួយ, ខាងអាមេរិកបាននិយាយច្រើនចំពោះរឿងដែលគ្មានការទទួលខុសត្រូវ និងបានប្រព្រឹត្តិនូវទង្វើរបង្កហេតុជាច្រើនលើរឿងតៃវ៉ាន់ សមុទ្ទចិនខាងត្បូង និងប្រើប្រាស់យន្តហោះ នាវាដើម្បីឈ្លបយកការណ៍និងថតរូប” លោកបន្ថែម។ ការធ្វើអត្ថាធិប្បាយនេះបានលេចចេញ មកតែមួយថ្ងៃបន្ទាប់ ពីរដ្ឋការលោកប្រធានាធិបតី Joe-Biden បានអញ្ជើញតៃវ៉ាន់ឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលតាមវីឌីអូក្នុងពេលខាងមុខអំពីប្រជាធិបតេយ្យ ចំពេលដែលភាពតានតឹងមានរួចជាស្រេចទៅហើយអំពីបញ្ហាកោះនេះ។
ក្រុងតៃបុិ គឺជារដ្ឋាភិបាលមួយតែមួយគត់ដែលមានឈ្មោះនៅក្នុងបញ្ជីរអញ្ជើញដែលទីក្រុងវ៉ាស៊ិនតោនមិនបានទទួលស្គាល់ថា ជារដ្ឋអធិបតេយ្យនោះទេ។ ការដាក់បញ្ចូលនេះនាំឲ្យមានការសប្បាយចិត្តពីតៃវ៉ាន់ និងស្រែកជំទាស់ពីចិន។ អាមេរិកបានរក្សាជំហរនយោបាយជាយុទ្ធសាស្ត្រពេញចិត្តនឹងតៃវ៉ាន់, បានផ្តល់នូការគាំទ្រទាំងសេដ្ឋកិច្ច និងយោធា និងជាប្រចាំបានកោតសរសើរតៃវ៉ាន់ថាជាប្រទីបនៃប្រជាធិបតេយ្យ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Wu បានបន្ថែមថា ទិដ្ឋភាពដ៏ច្បាស់លាស់នៃអធិបតេយ្យភាពរបស់ចិនមិនអាចត្រូវរំលោភបំពានបានទេ។ "ជាពិសេសគឺរឿងតៃវ៉ាន់ ចិនគ្មានកន្លែងនឹងត្រូវធ្វើការសម្រុះសម្រួលទេ ហើយខាងអាមេរិកក៏មិនត្រូវភាន់ច្រឡំលើរឿងនេះដែរ"។ ប៉េកាំងមិនបានបដិសេធក្នុងការចាប់យកតៃវ៉ាន់ដោយប្រើកំលាំងនោះទេ ព្រមទាំងបង្កើតនូវសម្ពាធចំពោះប្រទេសដ៏ទៃទៀតឲ្យបន្ទាបនូវទំនាក់ទំនងជាមួយដែនកោះនេះ។
ចិនក៏បានបង្កើននូវការធ្វើសមយុទ្ធដែលមានន័យថា បង្ហាញនូវអានុភាពខាងយោធានៅជិតកោះប៉ុន្មានខែថ្មីៗនេះ៕