ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ បានធ្វើប្រតិបត្តិការបង្ក្រាបករណីលួចកាត់ខ្សែភ្លើង មួយករណី ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ក្នុងចំណោមបក្ខពួកចំនួន ០៣នាក់ ដែលធ្វើសកម្មភាពលួចកាត់នៅចំណុចក្រុមហ៊ុនយិជាក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានបញ្ជាក់ថា ជនសង្ស័យរួមមាន ៖ ១- ឈ្មោះ រឿម គឹន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចអូរត្រេះ ក្រុង-ខេត្តព្រះសីហនុ (ឃាត់ខ្លួនបាន) ។ ២- ឈ្មោះ ដូង កាន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចអូរត្រេះ ក្រុង-ខេត្តព្រះសីហនុ (គេចខ្លួន)។ ៣- មិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួន)។
ដកហូតវត្ថុតាងបានរួមមាន ៖ ខ្សែភ្លើងចំនួន ២៣កំណាត់ ព្រមទាំងសម្ភារៈឧបកណ៍ធ្វើសកម្មភាពមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមផ្លូវច្បាប់៕