សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាសហប្រធាននៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានអញ្ជើញថ្លៃងការណ៍ពីលទ្ធផលនៃកិច្ចប្រជុំ ASEP11 ដែលសភានៃព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងមកនេះ ជូនដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថាទោះស្ថិតនៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ក្តី តែកិច្ចប្រជុំ ASEP11 បានធ្វើឡើងតាមប្រព័ន្ធនិម្មិតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទន។ ប្រទេសសមាជិក ASEM ចំនួន ៣១ មកពីទ្វីបទាំងពីរ សរុបប្រតិភូប្រមាណជាង ១៧០នាក់ រួមមានប្រធាន អនុប្រធាន និងសមាជិកសភា ព្រមទាំងដៃគូសំខាន់ៗរបស់ ASEP ជាអាទិ៍ EU, ASEAN និង UPF បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។
សហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំ ASEP11 ទទួលបាននូវការចូលរួមសម្តែងមតិជាច្រើន បង្ហាញអំពីការប្តេជ្ញាចិត្ត និងសារៈសំខាន់នៃតួនាទីរបស់សភា ក្នុងដំណើរការ ASEM ។ តាមរយៈការពិភាក្សាដោយស្មារតីសាមគ្គី ASEP11 ទទួលបាននូវមតិជាឯកច្ឆ័ន្ទ ដោយបានអនុម័តលើសេចក្តីប្រកាស ចំនួន៣៨ចំនុច ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់ ព្រមទាំងផ្តល់ជាសំណើគោលនយោបាយ ដើម្បីពិចារណាឈានទៅដោះស្រាយបញ្ហាទាំងនោះ សំដៅបម្រើឱ្យផលប្រយោជន៍រួមរបស់តំបន់ទាំងពីរ ក៏ដូចជាពិភពលោកទំាងមូល។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បន្តថា ASEP11 បានសង្កត់ធ្ងន់អំពីតម្លៃនៃសុខសន្តិភាព ច្បាប់អន្តរជាតិ ពហុភាគីនិយម ព្រមទាំងយន្តការបង្ការជម្លោះ ដែលជាវិធីដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ និងជម្លោះផ្សេងៗ និងបានបញ្ជាក់ផងដែរ អំពីតួនាទីរបស់សមាជិកសភា ក្នុងការសម្របសម្រួលកិច្ចពិភាក្សា និងលើកកម្ពស់ការជឿជាក់គ្នា និងការយល់គ្នាទៅវិញទៅមក។
សូមជម្រាបថារាជរដ្ឋាភិបាលកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត៕