អ្នកធ្វើការនៅ MIT Senseable City Lab កំពុងធ្វើការសាកល្បងប្រភេទហេដ្ឋារចនាសម្ព័ន្ធម៉ូឌុលថ្មី ដែលអាចប្រែប្រួលដើម្បីបម្រើតម្រូវការផ្សេងៗក្នុងរយៈពេលដ៏ខ្លី។ វាត្រូវបានគេហៅថា Roboat ដែលកំពុងត្រូវបានសាកល្បងនៅក្នុងទឹកនៃទីក្រុង Amsterdam ឥឡូវនេះ។ Roboat គឺជាទូកអគ្គីសនីស្វ័យប្រវត្តិ ដែលអាចដឹកអ្នកដំណើរ ប្រមូលសំរាម ឬភ្ជាប់ជាមួយគ្នាដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធបណ្តែតទឹក ដូចជាកន្លែងចត ឬស្ពានជាដើម។
លោក Carlo Ratti សាស្ត្រាចារ្យ MIT និង ជា នាយក នៃ Senseable City Lab បាន ប្រាប់ យើង ថា "Roboat នឹងត្រូវបានគ្រប់គ្រងដោយប្រើប្រព័ន្ធ Touch Interface។ នៅ ពេល នេះ វា នៅគ្រាន់ តែ ជា គំរូ ដើមប៉ុណ្ណោះ ប៉ុន្តែ អ្នកអាចគ្រាន់តែបញ្ចូលគោលដៅរបស់អ្នក ហើយទូកនឹងនាំអ្នកទៅទីនោះបាន។"តួរបស់ Roboat គឺជាវេទិកាមួយ ដែលរួមបញ្ចូលនូវបច្ចេកវិទ្យាស្នូលជាច្រើនដូចជា៖ ថ្ម ប្រព័ន្ធចាក់សោ ប្រព័ន្ធកម្លាំងជម្រុញ ប្រព័ន្ធគ្រប់គ្រង និងប្រព័ន្ធសំណាកទឹក ដែលអាចវិភាគគុណភាពទឹកក្នុងពេលវេលាជាក់ស្តែងបាន។
ផ្នែកខាងលើនៃ Roboat គឺអាចផ្លាស់ប្តូរបាន ជាមួយនឹងផ្នែកខាងលើផ្សេងៗគ្នា ដែលត្រូវបានរចនាឡើងសម្រាប់បំពេញការងារខុសៗគ្នា។ អ្នកអភិវឌ្ឍន៍បាននិយាយថា ផ្នែកខាងលើនៃ Roboat អាចត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលតិចជាងមួយម៉ោង។
Fábio Duarte អ្នកវិទ្យាសាស្ត្រស្រាវជ្រាវសំខាន់នៅ MIT បានប្រាប់យើងថា Roboat នៅតែស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ហើយមិនទាន់រួចរាល់សម្រាប់ការដាក់លក់នៅលើទីផ្សារនៅឡើយទេ។ ពួកយើងនៅមិនទាន់ដឹងថាតើ Roboats ទំនងនឹងចូលទៅបម្រើជាសេវាសាធារណៈដែលឧបត្ថម្ភដោយរដ្ឋាភិបាលដូចជាឡានក្រុង ឬបម្រើសេវាកម្មឯកជន សម្រាប់ការរកប្រាក់ចំណូលដូចជារថយន្តតាក់ស៊ីនោះទេ។ លោក Duarte បានប្រាប់យើងថា ទាំងអស់នេះ គឺអាស្រ័យលើកន្លែងដែល Roboats ត្រូវបានគេដាក់ឱ្យដំណើរការនាពេលអនាគត និងស្ថានភាពនៅក្នុងតំបន់នោះ។
អត្តបទដកស្រង់ពី Jesse Orrall
បកប្រែនិងកែសម្រួលដោយ Mr. Blue