នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា។
ក្នុងជំនួបនោះឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានគោរពជម្រាបជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ថា ឯកឧត្តម ពិតជាមានក្តីរីករាយជាទីបំផុតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាមនាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាមក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។
ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះ ឯកឧត្តមង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ដែលបានពាំនាំពាក្យផ្ញើផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំវៀតណាម បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជានាពេលនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល។
ជាចុងបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចក៏បានស្នើឲ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងបានជូនពរឲ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឲ្យទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា៕