ពោធិ៍សាត់ ៖ ដោយអនុវត្តជាប្រចាំតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្តីពីការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៦ របស់ខេត្តពោធិ៍សាត់ជាក់ស្តែងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអន្តគមន៍នៃអធិការដ្ឋាននគរបាល ស្រុកក្រគរ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត និងប៉ុស្តិ៍រដ្ឋបាលអន្សាចំបក់ ដឹកនាំដោយលោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការស្ដីទី បានចុះល្បាត និងបង្ក្រាបមុខសញ្ញាជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ និងសារធាតុញៀនខុសច្បាប់ចំនួន ១០កញ្ចប់ ទម្ងន់សរុប ៨៣.៧០ ក្រាម ស្ថិតនៅក្នុងឃុំអន្លុងត្នោត និងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ពោធិ៍សាត់។
លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថាករណីទី១ នៅវេលាម៉ោង៧និង១០នាទីយប់ កម្លាំងអន្តរាគមន៍បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ជុំ សុរ៉ន ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ កំរិតវប្បធម៌ថ្នាក់ទី៦ថ្មី មុខរបរមិនពិតប្រាកដ និងដកហូតសារធាតុញៀនចំនួន ០១កញ្ចប់ធំ ទម្ងន់ ៨.០៨ ក្រាម នៅចំណុចទួលក្រវ៉ាន់ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីទី២ នៅវេលាម៉ោង៩និង៣០នាទីយប់ កម្លាំងអន្តរាគមន៍យើងបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សន ថាវរ៉ូ ភេទប្រុស ឆ្នាំកំណើត១៩៨១ ជនជាតិខ្មែរ កំរិតវប្បធម៌ ថ្នាក់ទី៨ថ្មី មុខរបរមិនពិតប្រាកដ និងដកហូតសារធាតុញៀនខុសច្បាប់ចំនួន ០៨កញ្ចប់តូច ទម្ងន់ ១.៤០ ក្រាម នៅចំណុចផ្ទះជនសង្ស័យ ភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ករណីទី៣ នៅវេលាម៉ោង១០និង៤០នាទីយប់ កម្លាំងអន្តរាគមន៍បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សន វិបុល (ហៅ ថុល) ភេទប្រុស ឆ្នាំកំណើត១៩៨០ ជនជាតិខ្មែរ កំរិតវប្បធម៌ថ្នាក់ទី៩ថ្មី មុខរបរមិនពិតប្រាកដ និងដកហូតវត្ថុតាងមានដូចជា ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន០១កញ្ចប់ធំ ទម្ងន់ ៧៤.២២ ក្រាម, ជញ្ជឹងអេឡិចត្រូនិច០១គ្រឿង, សម្ភារៈ ជក់០១កំផ្លេរ, ថង់ផ្លាស្ទិកមួយចំនួន និងកន្ត្រៃ០១នៅចំណុចផ្ទះ ជនសង្ស័យស្ថិតក្នុងភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកអធិការស្តីទីបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានកម្លាំងអន្តរាគមន៍ យើងឃាត់ខ្លួន និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕