ថ្លែងនៅក្នុងពិធី ជួបសំណេះសំណាលជាមួយក្រុម និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសរុស្ស៉ី កាលពីម្សិលមិញ នៅទីស្តីការក្រសួងទេចរណ៍លោក ទិត ចន្ថា រដ្ឋមន្រ្តីស្តីទី នៃក្រសួងទេសចរណ៍បានណែនាំឱ្យពួកគេជួយផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ សម្បត្តិវប្បធម៌ ក៏ដូចជាកិត្យានុភាពជាតិទៅកាន់មិត្តភក្តិក្នុងសាលាក៏ដូចជា ប្រជាពលរដ្ឋរុស្ស៉ី នៅក្នុងកម្មវិធីនានា ខណៈពេលកំពុងសិក្សានៅទីនោះហើយត្រូវខិតខំសិក្សានិងយកចំណេះដឹងទាំងនោះត្រលប់មកបម្រើការងារជួយជាតិមាតុភូមិកម្ពុជាវិញ។
ក្នុងឱកាសនោះ លោក ទិត ចន្ថា បានលើកបង្ហាញប្រាប់ក្រុមនិស្សិតកម្ពុជាអំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពមួយក្នុងការជំរុញនូវការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ព្រមទាំងបានជួយផ្សព្វផ្សាយអំពីកិត្យានុភាពជាតិពិសេស គឺបានជំរុញការអភិវឌ្ឍប្រទេសជាតិបានមួយកម្រិតផងដែរ។ លោកថា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើឲ្យវិស័យទេសចរណ៍មានការអភិវឌ្ឍជាលំដាប់ក្នុងនោះកម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦.៦លាននាក់ កាលពីឆ្នាំ២០១៩កន្លងទៅ ជាមួយនឹងការទទួលបានប្រាក់ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិរាប់លានដុល្លារ និងបង្កើតឱកាសការងាររាប់ម៉ឺនដល់ប្រជាជន ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍ក៏ដូចជាវិស័យផ្សេងទៀតក៏បានរងនូវវិបត្តិធ្ងន់ធ្ងរ។
បើតាមលោក ទិត ចន្ថា ក្រោមការដឹកនាំគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានខិតខំទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះសម្ដេចតេជោបានដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីការពារទប់ស្កាត់និងគ្រប់គ្រងនូវការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ពិសេសគឺការជំរុញការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩រហូតដល់៣ដូសជូនប្រជាជននៅទូទាំងប្រទេស។ ជាមួយគ្នានោះដែរ វិស័យទេសចរណ៍ក៏ទទួលបាននូវការស្ដារនិងលើកស្ទួយឡើងវិញ ហើយចរន្តភ្ញៀវទេសចរក៏ចាប់ផ្ដើមមានសន្ទុះឡើងវិញ ជាក់ស្ដែងក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនិងថ្ងៃឈប់សម្រាក៤ថ្ងៃនេះកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១ លាននាក់ កើនឡើងខ្ពស់ជាងឱកាសផ្សេងៗក្នុងបរិបទជំងឺកូវីដ១៩នេះ។
លោករដ្ឋមន្រ្តីស្តីទីក៏បានយកឱកាសនេះ បញ្ជាក់ជូនក្រុមនិស្សិតខាងលើដែរថា ក្នុងចំណោមមន្ត្រីរាជការកម្ពុជាក៏មានអ្នកធ្លាប់ទៅសិក្សានៅអតីតសហភាពសូវៀតដែរ ហើយក៏បានត្រលប់មកបម្រើជាតិមាតុភូមិវិញ ដូច្នេះក្រុមនិស្សិតដែលបានទៅសិក្សានៅក្រៅប្រទេសនេះ ក៏ត្រូវយកថ្នាក់ដឹកនាំជំនាន់មុនធ្វើជាគំរូពោលគឺត្រូវខិតខំសិក្សារៀនសូត្រយកចំណេះដឹង គោរពវិន័យ រក្សាសេចក្ដីថ្លៃថ្នូរ ក្នុងភាពជាខ្មែរ រក្សាសាមគ្គីភាពភាតរភាពដើម្បីយកចំណេះដឹងទាំងនោះត្រលប់មកជួយធ្វើការបម្រើជាតិកម្ពុជាវិញ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២១-២០២២ រដ្ឋាភិបាលសហព័ន្ធរុស្ស៉ី បានផ្ដល់អាហារូបករណ៍មកកាន់រាជរដ្ឋាភិបាលកម្ពុជាចំនួន២៧កន្លែង ព្រមទាំង៤កន្លែងទៀតជាអាហារូបករណ៍ដាច់ដោយឡែករបស់សាលានៅប្រទេសរុស្ស៉ី សរុបប្រហែល៣០កន្លែង។ ក្នុងនោះមានជំនាញ វិស្វកម្មនុយក្លេអ៊ែរ វិស្វកម្មបច្ចេកវិទ្យា ទំនាក់ទំនងអន្តរជាតិ ក៏ដូចជាជំនាញវិស្វកម្មផ្សេងៗទៀត ៕ (មានជ័យ)