ភ្នំពេញ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរកបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលប្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០០និង៥០នាទីរំលងអាធ្រាត្រ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សន ណារ៉ុង នៅចំណុចផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ សៅ សុខហេង នៅចំណុចមុខវត្តដំបូកខ្ពស់ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ) ប្រព្រឹត្តនៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី។
ជនសង្ស័យទី១-ឈ្មោះ សន ណារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, ទី២-ឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងក្រាំង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០២១ លេខតួ ៣៥៨៥២៦ លេខម៉ាស៊ីន ៣៥៨៤៨៦ ពាក់ផ្លាកលេខ ១IQ៩៨៧២។
ជនរងគ្រោះឈ្មោះពៅ ដារ៉ាវិឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្នាមរបួស រងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឲ្យដាច់ប្រវែង ០២សង់ទីម៉ែត្រ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវសាំម៉ូរ៉ៃកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ) ប្រព្រឹត្តនៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជិះម៉ូតូចំនួន០២គ្រឿង និងដាវសាំម៉ូរ៉ៃចំនួន ០២ដើម មានឈ្មោះ ហាក់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូរបស់វាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ មិនចាំផ្លាកលេខ ឌុប ឈ្មោះ សន ណារ៉ុង កាន់ដាវសាំម៉ូរ៉ៃ ចំនួន០១ដើម ឈ្មោះ ប៉ាន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជិះម៉ូតូរបស់ឈ្មោះ សៅ សុខហេង ម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ ១IQ-៩៨៧២ ឌុប ឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ កាន់ដាវសាំម៉ូរ៉ៃចំនួន០១ ដើម នៅពេលជនសង្ស័យជិះម៉ូតូចេញពីដើរលេងនៅក្នុងកោះពេជ្រ មកដល់ចំណុចកើតហេតុខាងលើ បានឃើញជនរងគ្រោះ និងមិត្តភក្តិចំនួន០៧នាក់ កំពុងអង្គុយលេងនៅកន្លែងកើតហេតុខាងលើ ពេលនោះជនសង្ស័យ និងបក្ខពួកក៏ជិៈម៉ូតូចូលទៅរកក្រុមជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានកាន់ដាវសាំម៉ូរ៉ៃម្នាក់មួយចុះពីលើម៉ូតូទៅដេញកាប់លើក្រុមជនរងគ្រោះ បណ្តាលឲ្យត្រូវជនរងគ្រោះឈ្មោះពៅ ដារ៉ាវិឆ័យ ដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឲ្យដាច់ប្រវែង០២សង់ទីម៉ែត្រ រងរបួសជាទម្ងន់ បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឲ្យរងរបួសរួច ជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានរត់ឡើងជិះម៉ូតូជាមួយបក្ខពួករត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះបានទៅមន្ទីរពេទ្យព្យាបាលរបួស៕