រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន ១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ១៤,៤៥៦នាក់។
គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ២០៣,៤៥៤នាក់
* ខេត្តព្រះសីហនុ ១៤៥,០៤២នាក់
* ខេត្តសៀមរាប ១៤១,២១៩នាក់
* ខេត្តកំពត ១០២,១៦៧នាក់
* ខេត្តកែប ៩២,៥៣៨នាក់
* ខេត្តពោធិ៍សាត់ ៧៥,៥៧៨នាក់
* ខេត្តបាត់ដំបង ៥៦,៦៧៩នាក់
* ខេត្តកំពង់ស្ពឺ ៥០,៩៦០នាក់
* ខេត្តមណ្ឌលគិរី ៤០,៩១៧នាក់
* ខេត្តកណ្តាល ៤០,២០៦នាក់
* ខេត្តកោះកុង ៣៨,៦៥០នាក់
* ខេត្តរតនគិរី ៣១,៤៥៧នាក់។
ចំនួនភ្ញៀវទេសចរជាង១លាននាក់ ក្នុងរយៈពេលជិតមួយសប្តាហ៍នេះ ជាចំនួនដ៏ច្រើនគិតចាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ជាក់ស្តែង ចំនួននេះមានការកើនឡើងប្រមាណ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌនាដើមខែតុលា ឆ្នាំ២០២១ កន្លងមក ដែលមានភ្ញៀវទេសចរតែ ៩១១,១៤៧នាក់។
លំហូរភ្ញៀវទេសចរជិតមួយសប្តាហ៍នេះ បង្កើតបាននូវចរន្តសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន ពិសេសសម្រាប់វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ខណៈដែលប្រតិបត្តិករទេសចរណ៍នានាបានប្រមើលមើលពីកាលានុវត្តភាពនៃការងើបឡើងដ៏រហ័សនៃវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ ចរន្តភ្ញៀវទេសចរដ៏ផុសផលនេះ ក៏បានបង្ហាញផងដែរថា មូលដ្ឋានអាជីវកម្ម ផ្នែកឯកជន និងអ្នករកទទួលទានក្នុងវិស័យទេសចរណ៍បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការរៀបចំ និងកែលម្អទម្រង់ធុរកិច្ច និងអាជីវកម្មរបស់ខ្លួនក្នុងគន្លងប្រក្រតីភាព ក៏ដូចជាដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខឆាប់ៗនេះផងដែរ។
ទោះបីចំនួនភ្ញៀវទេសចរមានសន្ទុះខ្លាំង ប៉ុន្តែសភាពការណ៍ទូទៅជារួម ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវាកម្ម និងផលិតផល ព្រមទាំងការអនុវត្តវិធានការនានាទប់ស្កាត់ជំងឺកូវីដ-១៩ មានភាពល្អប្រសើរច្រើន។
តាមការវាយតម្លៃជារួម លោករដ្ឋមន្ត្រីសង្កេតឃើញថា វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងទាញយកបានមកវិញនូវទំនុកចិត្តរបស់ភ្ញៀវទេសចរ (Trust and Confidence) តាមរយៈលំហូរទេសចរណ៍ផ្ទៃក្នុង ដែលអាចសម្រេចទៅបានក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលតែងបានដាក់ចេញនូវយុទ្ធសាស្រ្តរស់រវើក រហ័សរហួន និងគ្រប់ជ្រុងជ្រោយ ពិសេសការជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងជនបរទេស ដែលបានធ្វើឲ្យកម្ពុជាកំពុងបោះជំហានឈានមុខក្នុងការបើកដំណើរការឡើងវិញពេញលេញលើគ្រប់វិស័យសេដ្ឋកិច្ច និងសង្គម៕