ថ្លែងបន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសបើកប្រទេសក៏ដូចជាបើកទេសចរណ៏ឡើងវិញ ប្រធាន សមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ស្រី ឆាយ ស៊ីវលីន បានលើកឡើងថា វិស័យឯកជនអបអរសាទរយ៉ាងខ្លាំងចំពោះការបើកដំណើរការប្រទេសក៏ដូចជាទេសចរណ៍ឡើងវិញពីព្រោះ តាមរយៈទេសចរណ៏នេះនឹងធ្វើឲ្យអន្តរវិស័យទាំងអស់រស់រានមានជីវិតឡើងវិញ តាំងពីចំណូលរបស់ជាតិ ក៏ដូចជាអជីវកម្មមូលដ្ឋានជាដើម ។
លោក ស្រី ឆាយ ស៊ីវលីន បានអះអាងថា ការប្រកាសបើកទេសចរណ៍ឡើងវិញក៏ដូចជា លើកលែងចំពោះការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរទូទៅ ដែលចូលមកកម្ពុជានេះគឺជាសញ្ញាវិជ្ជ មានមួយសម្រាប់ប្រទេសកម្ពុជាក្រោយពីទទួលរងផលប៉ះពាល់រយៈពេលពីរឆ្នាំកន្លងមក។ លោកស្រីថា ការបើកឡើងវិញនេះនឹងជំរុញឲ្យភ្ញៀវទេសចរធ្វើដំណើរចូលមកកម្ពុជា ។
បើតាមលោក ស្រី ឆាយ ស៊ីវលីន ស្ថានភាពនេះនឹងធ្វើឲ្យអាជីវករ បានស្ដារអាជីវកម្មរបស់ពួកគាត់ឡើងវិញខណៈដែលដំណឹងនេះត្រូវបានពួកគាត់ទន្ទឹងរង់ចាំជាយូរមកហើយ ។គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេ ចអនុញ្ញាតឲ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ លើកលែងតែអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ ថ្ងៃដដែល។
សម្តេចតេជោ បញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសទាំងភ្នំពេញខេត្តព្រះសីហនុ និងខេត្តសៀមរាប, តាមផ្លូវទឹក និងតាមផ្លូវគោកជាដើមត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះអ្នកដំណើរចូលកម្ពុជាទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជាដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើយនោះទេ៕ (មានជ័យ)