ពីធីបុណ្យទាំងនេះ ត្រូវបានគេប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ នៅក្នុងខែកត្តិក ចាប់ពីថ្ងៃទី ១៤កើត ដល់ថ្ងៃ១រោច ជារៀងរាល់ឆ្នាំ នៅព្រះរាជាណាចក្រកម្ពុជា ។
+ពិធីបុណ្យអុំទូក
ពិធីបុណ្យអុំទូកនេះ ត្រូវបានធ្វើឡើង ដើម្បីរំលឹកដឹងគុណដល់បុព្វបុរសខ្មែរ ដែលជាកងទ័ពជើងទឹក ដែលមានភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតដើម្បីជាតិមាតុភូមិ ក្នុងការច្បាំងជាមួយសត្រូវរហូតទទួលបានជ័យជម្នះ។ នៅក្នុងសម័យអង្គរ ព្រះបាទជ័យវរ័្មនទី៧ ទ្រង់បានធ្វើសង្រ្គាមតាមខ្សែរទឹក ជាមួយអាណាចក្រចម្ប៉ាដែលបានមកឈ្លានពាននៅបឹងទន្លេសាប រហូតទទួលបានជោគជ័យ។ នៅក្នុងសម័យលង្វែក ព្រះបាទច័ន្ទរាជា ទី១ បានចាត់របៀបរៀបចំការការពារស្រុកមានដូចតទៅនេះ ៖
ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។
ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចជា ទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសំរាប់កងទ័ព។
ក្រោយមក ពិធីបុណ្យអុំទូករបស់កម្ពុជា បានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង។
+ពិធីបុណ្យបណ្តែតប្រទីប
ពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំលឹកដឹងគុណដល់ព្រះម៉ែគង្គា ដែលជាប្រភពទឹកមានសារៈសំខាន់ដល់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃនៃជំនឿសាសនា។ ការប្រារព្ធពិធីបណ្ដែតប្រទីបនេះ ប្រជាជនគ្រប់រូប អាចបួងសួងសុំសេចក្ដីសុខផង និងបួងសួងសុំបំពេញបំណងប្រថ្នារបស់ខ្លួនផងដែរ ដើម្បីឲ្យព្រះអទិទេពប្រទានពរជ័យដល់ពួកគេ។ បណ្ដែតប្រទីប គឺជាការបណ្ដែតចង្កៀងគោមដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនាផង និង ពុទ្ធសាសនាផង។ ហើយពាក្យ ប្រទីបនេះ មានន័យថាចង្កៀងតូចៗ (ឥតកែវលំផូង) តាមវចនានុក្រមខ្មែរ ។
ដូច្នេះបណ្តែតប្រទីបពីដើមឡើង បងប្អូនខ្មែរយើងធ្វើនៅតាមវត្តអារាមដែលនៅក្បែរទន្លេស្ទឹង គេយកប្រទីប និងភ្លើងទានយកទៅបណ្តែក្នុងទន្លេ ស្ទឹង ព្រែក នាពេលយប់ បន្ទាប់ពីថ្ងៃបុណ្យភ្ជុំបិណ្ឌរួច ដើម្បីជាការជូនដំណើរ បំភ្លឺផ្លូវជីដូនជីតា ដែលខ្លះមានដាក់ម្ហូបចំណីអាហារក្នុងកន្ទោងប្រទីបជាមួយដែរ ដើម្បីឧទ្ទិសសែនបញ្ជូនត្រឡប់ទៅវិញ ក៏ដូចជាដឹងគុណដល់ម្ចាស់ទឹកម្ចាស់គង្គារដែលមានគុណក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រោយមកពិធីលយប្រទីបនេះ ក៏ត្រូវបានយកមកភ្ជាប់ជាមួយពិធីបុណ្យអ៊ុទូកនៅយប់ថ្ងៃទីពីរ ដែលជាយប់ថ្ងៃអកអំបុកសំពះព្រះខែ។
+ពិធីបុណ្យ អកអំបុក សំពះព្រះខែ
ពិធីបុណ្យសំពះព្រះខែ គឺដើម្បីរំលឹកដល់ទន្សាយព្រះពោធិសត្វ ដែលរូបព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គដិតជាប់នឹងព្រះខែ ដើម្បីបំភ្លឺសត្វលោក ហើយពិធីបុណ្យនេះ គឺជាប់ទាក់នឹងសាសនាព្រះពុទ្ធយ៉ាងជិតស្និតផងដែរ។ កាលដែលព្រះអង្គព្រះពោធិសត្វ បានយោងចាប់កំណើតជាសត្វទន្សាយ ដើម្បីបំពេញសិល្ប៍បារីអោយបានត្រាសដឹងជាព្រះពុទ្ធ ពេលនោះក៏មានព្រះឥន្ទ្របានក្រឡាខ្លួន ជាព្រាហ្មចាស់ម្នាក់មកសុំសាច់ទន្សាយជាអាហារ។
ទន្សាយព្រះពោធិសត្វក៏អោយព្រាហ្មបង្កាត់ភ្លើង ហើយខ្លួនក៏លោតចូលទៅ ដើម្បីអោយព្រាហ្មបានអាហារបរិភោគ ប៉ុន្តែភ្លើងនោះមិនបានឆេះទេ ឃើញដូច្នេះព្រះឥន្ទ្រក៏បាននាំយកទន្សាយព្រះពោធិសត្វទៅឋានព្រះច័ន្ទ ហើយក៏បានអធិដ្ឋានអោយព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គដិតជាប់នឹងព្រះខែដើម្បីបំផ្លឺសត្វលោក។ នៅពេលជាមួយគ្នានេះដែរ គេក៏មានធ្វើពិធីមួយទៀតគឺ ពិធីអកអំបុក ដែលប្រជាជនតែងនាំគ្នាធ្វើ ដើម្បីសុំសេចក្តីសុខ សេចក្ដីចម្រើន ជៀសឆ្ងាយពីគ្រោះភ័យទាំងពួង៕