ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ០០ នាទី កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ ពីបទលក់ឱសថ បុរាណខុសច្បាប់ និងគ្មានលិខិតអនុញ្ញាតស្ថិតនៅភូមិជ័យជំនះឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការនគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់វិលថា មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាចំនួន០៣នាក់ ស្រី ១នាក់ ធ្វើដំណើរដោយមធ្យោបាយ (ម៉ូតូ) ចំនួន ០២គ្រឿង បានចុះមកផ្សព្វផ្សាយពិនិត្យ និងពិគ្រោះជម្ងឺជូនដល់ប្រជាពលរដ្ឋ នៅភូមិជ័យជំនះ ឃុំអន្លង់វិល ស្រុកកណ្តៀង។ ក្នុងនោះមានប្រជាពលរដ្ឋចំនួន ០៤នាក់ ប្រុសចំនួន ០១នាក់ បានមកពិនិត្យសុខភាពដោយក្រុមជនសង្ស័យខាងលើ តម្រូវអោយប្រជាពលរដ្ឋទាំង ០៤នាក់ បង់ថ្លៃសេវាគិតជាទឹកប្រាក់ សរុបចំនួន ៨៦០,០០០៛ (ប្រាំបីរយហុកសិបពាន់រៀលគត់) ប្រគល់មកអោយពួកក្រុមជនសង្ស័យជាថ្នូរ និងថ្នាំឱសថបុរាណប្រភេទ (ដើមផ្លែ និងឫសរុក្ខជាតិ) ផ្សេងៗក្នុងម្នាក់ៗទទួលបាន ០១កញ្ចប់។ ភ្លាម នោះលោកអធិការបានគោរពរាយការណ៍ជូនឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីស្នើសុំគោលការណ៍ នាំខ្លួនក្រុមជនសង្ស័យទាំងនោះមកធ្វើការត្រួតពិនិត្យ និងសាកសួរចម្លើយនៅចំពោះមុខសមត្ថកិច្ច។
ជនសង្ស័យទាំងនោះរួមមាន ៖
ទី១- ឈ្មោះ រ៉េស ណា ភេទស្រី អាយុ ៤១ឆ្នាំ ទី២- ឈ្មោះ ទីន វាសនា ភេទប្រុស អាយុ ៤២ឆ្នាំ ទី៣- ឈ្មោះ រ៉េស ស្លៃម៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងបីនាក់ជាជនជាតិ ខ្មែរឥស្លាម រស់នៅភូមិងោក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ការដើរផ្សព្វផ្សាយពិនិត្យសុខភាព និងលក់ឱសថបុរាណជូនប្រជាពលរដ្ឋនេះគឺពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ច និងស្ថាប័នជំនាញអ្វីទេ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាល ស្រុកកណ្ដៀង រយៈពេល៤៨ម៉ោង តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បីបំពេញបែបបទតាមនីតិវិធី៕