Bangkok-Thailand
ការកាត់ក្តីដ៏សំខាន់របស់តុលាការនៅក្នុងប្រទេសថៃបានធ្វើឲ្យមានការកើនឡើងនូវការព្រួយបារម្ភដែលថា ក្រុមសកម្មជនអាចប្រឈមមុខទៅនឹងទោសក្បត់ជាតិ បន្ទាប់ពីមានការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាលអស់រយៈពេល១៨ខែ ដោយបានអំពាវនាវផងដែរ ឲ្យមានរដ្ឋធម្មនុញ្ញថ្មីនិងកែទម្រង់ស្ថាប័នព្រះមហាក្សត្រ។តុលាការធម្មនុញ្ញថៃបានធ្វើការកាត់ទោសប្រឆាំងទៅមេដឹកនាំបាតុករ៣រូប ដែលប្រឈមទៅនឹងច្បាប់ប្រមាថនិងបំពានលើព្រះមហាក្សត្រ។
អង្គចៅក្រមដែលបានធ្វើការកាត់សេចក្តីកាលពីថ្ងៃពុធបាននិយាយថា ការអំពាវនាវរបស់ក្រុមសកម្មជនឲ្យមានការកែទម្រង់ វាជាវោហារសាស្ត្រដែលមានលក្ខណៈធ្ងន់ធ្ងរលើសពីការប្រមាថទៅទៀត។ តុលាការបាននិយាយថា "សុន្ទរកថារបស់ពួកគេមានគោលបំណងឆ្ពោះទៅរកការផ្តួលរំលំរបបរាជាអាស្រ័យធម្មនុញ្ញ" ដែលចៅក្រម Wiroon Sangtian បាននិយាយថា “ការកែទម្រង់ណាមួយនៃច្បាប់ដែលទាក់ទងទៅនឹងស្ថាប័នភូមិន្ទ វានឹងនាំឲ្យរាជាធិបតេយ្យដែលជាស្ថាប័នស្របច្បាប់បាត់បង់នូវការគោរព និងនាំឲ្យមានការមិនស្តាប់បង្គាប់ពីសំណាក់មហាជន”។ មេធាវីដែលការពារកូនក្តី Krisadang Nutcharut បានប្រាប់ Aljazeera ថាសាលក្រមនេះជារឿងដ៏អាក្រក់អាក្រី។
"វាដូចជានៅមិនឆ្ងាយទេ បើសិនជាយើងចង់និយាយថា ទោសប្រហារជីវិតអាចត្រូវបានគេផ្តល់ឲ្យ" Krisadang និយាយ "ការកាត់ក្តីនេះមិនមែនពាក់ព័ន្ធត្រឹមតែជំពូកទី១២ (ប្រមាថព្រះមហាក្សត្រ) ប៉ុន្តែឥឡូវនេះ គេបានហៅរឿងនេះថាជា ការប៉ុនប៉ងផ្តួលរំលំរបប ជាទោសក្បត់ជាតិមួយដែលត្រូវជាប់ទោសអស់មួយជីវិត ឬប្រហារជីវិតបង់"។
ការកាត់សេចក្តីបន្ទាប់ពីមានការធ្វើបាតុកម្មជាច្រើនខែ ដែលចាប់ផ្តើមឡើងនៅខែកក្កដាឆ្នាំ២០២០ ដែលក្រមបាតុករមិនត្រឹមតែអំពាវនាវឲ្យរាជរដ្ឋាភិបាលចុះចេញពីតំណែងនោះទេ ប៉ុន្តែបានទាមទារឲ្យមានការកែទម្រង់ស្ថាប័នព្រះមហាក្សត្រដ៏មានអំណាច និងទ្រព្យសម្បត្តិមហាសាលផងដែរ។ ការទាមទារដែលមិនដែលមានពីមុនមក បានធ្វើឲ្យមានការកើនឡើងនូវការពិភាក្សារជាសាធារណៈអំពីព្រះបរមរាជវាំង, ខ្ចាត់ខ្ចាយនូវប្រពៃណីដ៏យូរលង់ រហូតហ៊ានដល់ទៅមានការរិះគន់ជាចំហរទៅលើស្ថាប័នព្រះមហាក្សត្រ។
ជនជាប់ចោទទាំង៣រូបនៅក្នុងរឿងក្តីនេះ រួមមាន Arnon Nampo និង Panupong “MiKe”, Jade nok, ដែលប្រឈមទៅនឹងការជាប់ពន្ធនាគារជាង១០០ឆ្នាំ រួចទៅហើយ បើសិនជារកឃើញកំហុសដូចការចោទប្រកាន់។ សេចក្តីប្រកាសរបស់អង្គចៅក្រម បានផ្តល់ជាយោបល់ថា សកម្មភាពនិយមជាសាធារណៈរបស់បុគ្គលមេដឹកនាំបាតុករទាំង៣រូប មានតម្លៃស្មើទៅនឹងការប៉ុនប៉ងផ្តួលរំលំប្រព័ន្ធនយោបាយរបស់ប្រទេស រួមមានព្រះមហាក្សត្រដែលជាប្រមុខរដ្ឋ៕