នេះគឺជាជីវិតជោគជ័យរបស់លោក ជេកគី ចាន់ (Jackie Chan) ដែលគ្រប់គ្នាធ្លាប់បានស្គាល់គាត់នៅក្នុងខ្សែភាពយន្ត ដែលជាតួអង្គ ឈិន ឡុង។ ក៏ប៉ុន្តែមុននឹងឈានដល់ភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ តើគាត់បានឆ្លងកាត់អ្វីខ្លះ? តោះមកស្តាប់ពីជីវិតតស៊ូរបស់គាត់ទាំងអស់គ្នា។
លោក ជេកគី ចាន់ បានកើតនៅក្នុងឆ្នាំ 1954 ស្ថិតក្នុងគ្រួសារដែលមានជីវភាពដ៏ក្រីក្រមួយក្នុងទីក្រុងហុងកុង។ ឪពុករបស់គាត់ធ្វើការជាមេចុងភៅ ហើយម្តាយរបស់គាត់ធ្វើការជាមេផ្ទះឲ្យស្ថានទូតបារាំង។ លោក ជេកគី ចាន់ បានធំដឹងក្តីឡើងជាក្មេងស្វាហាប់ រឹងមាំ ប៉ុន្តែដោយសារតែជំងឺ Dyslexia បណ្តាលឲ្យគាត់ជួបបញ្ហាជាច្រើនក្នុងការសិក្សានៅសាលារបស់គាត់។ ដូច្នេះ គាត់បានក្លាយជាសិស្សដែលតែងតែទទួលបានចំណាត់ថ្នាក់ចុងក្រោយគេ។ ហើយនៅពេលគាត់មានអាយុទើបតែប្រាំពីរឆ្នាំ ឪពុកម្តាយរបស់គាត់បានផ្លាស់ទៅធ្វើការនៅប្រទេសអូស្ត្រាលី ហើយបានសម្រេចចិត្តឲ្យ ជេកគី ចាន់ ស្នាក់នៅទីក្រុងហុងកុងតែម្នាក់ឯង។ នៅក្នុងសាលាដែលមានវិន័យដ៏តឹងរ៉ឹងមួយ គាត់ត្រូវរៀនពីកាយសម្ព័ន្ធ ក្បាច់គុន ច្រៀង និងរាំ។ ដូច្នេះ អស់រយៈពេល ១០ឆ្នាំក្រោយមកនេះ គាត់បានហ្វឹកហាត់ពេញមួយថ្ងៃ ហើយថ្ងៃខ្លះ គាត់បានហ្វឹកហាត់រហូតទៅដល់ ១៩ម៉ោង ក្នុងមួយថ្ងៃ។ លោកបាននិយាយថា ដំណើរការនៃការរៀនក្បាច់គុននេះ មានការលំបាកខ្លាំងណាស់ ព្រោះការទទួលរងនូវការលំបាកទាំងអស់នេះ គឺជាកត្តាចម្បងក្នុងការយកចិត្តទុកដាក់លើការអនុវត្តជាប្រចាំ មិនមែនមួយសប្តាហ៍ មិនមែនមួយខែ តែចំណាយពេលអស់ជាច្រើនឆ្នាំ។ ហើយដោយសារសាលាមានភាពតឹងរ៉ឹងខ្លាំងបែបនេះ បើនរណាម្នាក់ធ្វើឲ្យមានកំហុសណាមួយនោះ ច្បាស់ជាត្រូវទទួលពិន័យយ៉ាងធ្ងន់ធ្ងរ។ ហើយខណៈពេលដែលជីវិតពរពេញទៅដោយការលំបាកប៉ុន្នឹងហើយ គាត់ក៏ត្រូវបានក្មេងដទៃធ្វើបាបថែមទៀត។ គាត់មានការភ័យខ្លាចខ្លាំងណាស់ ក្នុងការក្រោកឈរតតាំងសម្រាប់ខ្លួនឯងរហូតដល់មានរឿងមួយកើតឡើង។
“ខ្ញុំត្រូវបានគេធ្វើបាបរាប់មិនអស់ នៅពេលដែលខ្ញុំបានធំដឹងក្តីនៅសាលាល្ខោនប៉េកាំង។ ខ្ញុំបានបណ្តោយឲ្យគេធ្វើបាបតាមតែចិត្ត ព្រោះតែខ្ញុំមានការភ័យខ្លាច និងមិនដឹងពីវិធីការពារខ្លួន។ ខ្ញុំត្រូវបានគេធ្វើបាបរហូតដល់មានពេលមួយនោះ ដែលខ្ញុំបានក្រោកឈរតតាំងការពារសិស្សថ្មីម្នាក់ ហើយចាប់ពីពេលនោះមក ខ្ញុំបានរៀនក្រោកឈរដើម្បីខ្លួនឯង»។
គាត់មិនអាចបោះបង់ចោលការសិក្សារបស់គាត់នោះទេ ព្រោះគាត់គ្មានកន្លែងណាផ្សេងទៀតត្រូវទៅ ដោយសារតែគាត់រស់នៅតែម្នាក់ឯងក្នុងទីក្រុងដ៏ធំមួយនេះ។ ហើយប៉ុន្មានឆ្នាំក្រោយមក ទើបគាត់បានដឹងដំណឹងពីឪពុកម្តាយរបស់គាត់ថា ឪពុករបស់គាត់គឺជាចារកម្មម្នាក់ នេះហើយគឺហេតុផលពួកគេបានភៀសខ្លួនពីទីក្រុងហុងកុង និងតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី ហើយមិនអាចយក ជេកគី ចាន់ ទៅរស់នៅជាមួយពួកគេបាន។ ឪពុករបស់គាត់ត្រូវលាក់ខ្លួននៅក្នុងស្ថានទូតអាមេរិក ហើយក្រោយមកឪពុករបស់គាត់ធ្វើការឲ្យស្ថានទូតអាមេរិក។
នៅអាយុ 17 ឆ្នាំ ជេកគី ចាន់ បានចាប់ផ្តើមធ្វើការជាតួសម្តែងជំនួស និងជាតួសម្តែងនៅខាងក្រោយក្នុងខ្សែភាពយន្តជាច្រើនផងដែរ។ គាត់ត្រូវបានគេស្គាល់យ៉ាងឆាប់រហ័ស ដោយសារគាត់មិនមានការភ័យខ្លាចក្នុងការសម្តែងជាតួជំនួសនៅក្នុងឈុតឆាត ដែលពោរពេញទៅដោយភាពគ្រោះថ្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងចិត្តរបស់គាត់ នៅតែមានភាពភ័យខ្លាចក្នុងការសម្តែងដែលមានឈុតដ៏គ្រោះថ្នាក់បែបនេះ ប៉ុន្តែអ្វីដែលជំរុញទឹកចិត្តគាត់ក្នុងការឆ្លងកាត់រឿងទាំងអស់នេះ គឺព្រោះតែគាត់បានមើលឃើញថា វាគឺជាឱកាសដ៏កម្រមួយ បើគាត់មិនខិតខំពុះពារលើវិស័យនេះទេ នោះមនុស្សគ្រប់គ្នាមិនអាចដឹងថា គាត់មានសម្ថភាពដល់កម្រិតណានោះទេ។ ក្នុងអាជីពជាតួសម្តែងជំនួសនេះ គាត់ក៏ធ្លាប់ធ្វើការជាតួសម្តែងជំនួសឱ្យ ប្រូស លី (Bruce Lee) ដែលអ្នករាល់គ្នាធ្លាប់ស្គាល់ថាជា លី សាវឡុង ថែមទៀតផង។ ប៉ុន្តែជាអកុសល គាត់មិនបានទទួលការជោគជ័យក្នុងការសម្ដែងនេះទេ ដូច្នេះទើបគាត់ផ្លាស់ទៅរស់នៅជាមួយឪពុកម្តាយរបស់គាត់ក្នុងប្រទេសអូស្ត្រាលី ហើយគាត់ចាប់ផ្តើមធ្វើការនៅក្នុងការដ្ឋានសាងសង់នៅទីនោះ។
នៅពេលដែលគាត់មានអាយុ 21 ឆ្នាំ គាត់បានត្រលប់ទៅទីក្រុងហុងកុងវិញ ហើយការត្រឡប់មកវិញលើកនេះ គាត់បានប្តេជ្ញាចិត្តនឹងទទួលបានជោគជ័យក្នុងវិស័យសិល្បៈនេះ ប៉ុន្តែភាពយន្តកុងហ្វូរបស់គាត់ម្តងទៀត បានទទួលការបរាជ័យទាំងស្រុង។ ហើយទីបំផុត គាត់បានសម្រេចចិត្តថា គាត់មិនចង់ក្លាយជា "Bruce Lee ទី២" នោះទេ។ គាត់ចង់ក្លាយជា Jackie Chan ដំបូងគេវិញ ដែលធ្វើអ្វីដែលថ្មី និងបង្កើតផ្លូវសម្រាប់ខ្លួនឯង។ ដូច្នេះ ជាមួយនឹងការរួមបញ្ចូលគ្នាជាមួយការសម្តែងបែបកំប្លែងដ៏ល្អឥតខ្ចោះ និងការសម្តែងក្បាច់គុនដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់គាត់ បានធ្វើឲ្យទស្សនិកជនចូលចិត្តរឿងប្រភេទថ្មីដែលគាត់បានបង្កើតជាខ្លាំង ហើយមិនយូរប៉ុន្មានក្រោយមក គាត់បានក្លាយជាតារាសម្តែងដ៏ល្បីល្បាញនៅអាស៊ី។ ហើយបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតគាត់បន្តទទួលបានភាពល្បីល្បាញ និងជោគជ័យនៅហូលីវូដក្នុងអាយុ 42 ឆ្នាំ។ ហើយទោះបីជាគាត់មិនដែលបានរៀនអាន ឬសរសេរ ឬប្រើកុំព្យូទ័របានពេញលេញក៏ដោយ Jackie Chan បានបានសម្តែងក្នុងខ្សែភាពយន្តច្រើនជាង 100រឿង អាចនិយាយបាន 7 ភាសា និងទទួលបានកំណត់ត្រាពិភពលោក Guinness សម្រាប់ការសម្តែងបែបលក្ខណៈផ្សងគ្រោះថ្នាក់ច្រើនបំផុត។
បន្ទាប់ពីចំណាយពេលអស់ 56 ឆ្នាំ នៅក្នុងឧស្សាហកម្មភាពយន្ត គាត់បានឈ្នះពានរង្វាន់អូស្ការសម្រាប់សមិទ្ធិផលពេញមួយជីវិតរបស់គាត់។ នៅពេលដែល Jackie Chan បានទទួលយកពានរង្វាន់ គាត់បានហៅវាថាជា "ក្តីសុបិន" ព្រោះនៅ 23 ឆ្នាំមុន គាត់បានកាន់ ថើប ព្រមទាំងហិតក្លិនពានរង្វាន់អូស្ការរបស់លោក ស៊ីលវ៉េស្ទើ សាល៊ូន (Sylvester Enzio Stallone) ដែលជាតួសម្តែងក្នុងរឿងរ៉ាមបូ ហើយ Jackie Chan ប្រាប់ខ្លួនគាត់ថា គាត់ចង់បានវា។ ដូច្នេះ ក្តីស្រមៃរបស់គាត់បានក្លាយជាការពិត។
ហើយបន្ទាប់ពីបានស្តាប់ពីជីវិតរបស់ Jackie Chan តើយើងអាចរៀនបានអ្វីខ្លះពីជីវិតជោគជ័យរបស់ Jackie Chan? នៅពេលដែលបរាជ័យ និងភាពលំបាកបានធ្វើឱ្យគាត់ដួលដល់ដី ប៉ុន្តែរាល់ពេលដែលគាត់ក្រោកឈរឡើងវិញ គាត់កាន់តែរឹងមាំ និងមានការតាំងចិត្តកាន់តែខ្លាំង ដើម្បីទទួលភាពជោគជ័យ។ ចំណែកអ្នកវិញ តើអ្នកនឹងក្រោកឈរឡើងវិញទេ នៅពេលដែលអ្នកបរាជ័យ? ឬក៏អ្នកសុខចិត្តបោះបង់ចោល រាល់ពេលដែលអ្នកបរាជ័យ? ហើយតើអ្នកធ្លាប់ឆ្ងល់ទេថា គាត់អាចធ្វើបែបនេះដោយរបៀបណាទេ? គាត់មិនដែលខ្លាចក្នុងការជំនះលើខ្លួនឯងឡើយ។ កុំធ្វើជាអ្នកទោសនៅក្នុងចិត្តខ្លួនឯង។ ឈប់គិតច្រើនពេក រាល់ពេលអ្នកបរាជ័យ យកពេលសម្រាក់ខ្លះ ហើយត្រឡប់មកវិញរួមជាមួយនឹងទំនុកចិត្តថ្មី និងការតាំងចិត្តថ្មី។ ឈប់ប៉ង់ប្រាថ្នាទៀតទៅ ហើយចាប់ផ្តើមធ្វើវា ព្រោះយើងមិនដឹងថា ថ្ងៃស្អែកយើងមានប៉ុន្មានដងទៀតនោះទេ។ ដូច្នេះ សូមបំបែកចេញពីទ្រុងនៃការសង្ស័យលើខ្លួនឯង ហើយមានសេរីភាពដូចជាបក្សី! ហើយចងចាំថា ក្នុងជីវិតរបស់យើង ដែនកំណត់មានតែមួយគត់ នោះគឺនៅក្នុងចិត្តគំនិតរបស់អ្នក។