អនុលោមតាម អនុស្សរណៈការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណខ្មែរចំនួន ៤រូប នឹងត្រូវប្រគល់មកកម្ពុជាវិញនាពេលខាងមុខនេះ ហើយវត្ថុបុរាណនេះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក (USAO-SDNY) និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) បានដំណើរការក្ដីក្នុងតុលាការ ពាក់ព័ន្ធនឹងសម្បត្តិវប្បធម៌ខ្មែរទាំង៤រូប ដែលត្រូវបានរឹបអូសពីសារមន្ទីរសិល្បៈ Denver នៅសហរដ្ឋអាមេរិក។
លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងនារសៀលថ្ងៃទី១២ ខែវិច្ឆិកា នេះថាវត្ថុបុរាណនេះនឹងយកមកដល់ប្រទេសកម្ពុជា នៅពេលដ៏ឆាប់ខាងមុខ ដោយមានរៀបចំនីតិវិធីត្រឹមត្រូវ ដើម្បីទទួលវត្ថុបុរាណនេះ។ លោកថាវត្ថុបុរាណនេះកម្ពុជាយើងទទួលបានមកជាហូហែរកន្លងមក ដោយសារតែកម្ពុជាយើងបានដោះស្រាយនិងមានប្រព័ន្ធទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកជួយសម្របសម្រួល។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វត្ថុបុរាណខ្មែរទាំង៤ រូប នេះរួមមាន៖
ទី១. ចម្លាក់ព្រះនាងប្រាជ្ញាបារមិតា ថ្មភក់ សម័យអង្គរ រចនាបថបាយ័ន្តចុងសតវត្សរ៍ទី១២ និងដើមទី១៣។ យោងតាមព័ត៌មានពីសាក្សី បដិមានេះត្រូវបានគេរកឃើញនៅក្នុងវាលស្រែក្បែរប្រាសាទបុរាណមួយក្នុង ខេត្តតាកែវ មិនឆ្ងាយពីតំបន់ទនេ្លបាទី។
ទី២. ចម្លាក់ព្រះសូរ្យ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមសេចក្តីរាយការណ៍ពីសាក្សី បដិមានេះត្រូវ បានលួចចេញពីប្រាសាទមួយនៅលើភ្នំគូលែន។
ទី៣. ជួង សំរឹទ្ធ សម័យបុរេប្រវត្តិ។ តាមសេចក្តីរាយការណ៍ពីសាក្សី ជួង នេះ គឺជាវត្ថុមួយក្នុងចំណោមដួងសំរឹទ្ធ ចំនួន១២ (រៀបជារង្វង់មូលព័ន្ធជុំវិញថ្មគោលមួយ) ដែលត្រូវបានរកឃើញនៅតំបន់មួយនៃខេត្ត ពោធិ៍សាត់-បាត់ដំបង។
ទី៤. ផ្តែរព្រះនារាយណ៍ផ្ទំ ថ្មភក់ សម័យមុនអង្គរ សតវត្សរ៍ទី៧-៨។ តាមប្រភពពីសាក្សីបានឲ្យដឹងថា ផ្តែរនេះ ត្រូវបានយកចេញពីប្រាសាទមួយនៅលើភ្នំគូលែន ដែលមានលក្ខណៈស្រដៀង នឹងផ្តែរនៅប្រាសាទសំបូរ ព្រៃគុក ក្នុងខេត្តកំពង់ធំដែរ។
ទាក់ទងបញ្ហានេះ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍សម្តែងក្តីរំភើបរីករាយ និង ស្វាគមន៍រតនៈសម្បត្តិដ៏មានតម្លៃទាំងនេះត្រឡប់មកកម្ពុជាវិញ ហើយលោកស្រីមានមោទនភាពចំពោះកិច្ចសហការរបស់យើងជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លទ្ធផល ដែលទទួលបានជាបន្តបន្ទាប់នេះ ក៏ដោយសារកម្ពុជាយើងមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ដល់ឱកាសដល់ការវិលត្រឡប់មកវិញនៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្គ្រាម។
លោកស្រីរដ្ឋមន្ត្រីបានអំពាវនាវដល់សារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ដែលកាន់កាប់រក្សាទុកសម្បត្តិវប្បធម៌ខ្មែរ សូមទាក់ទងមកក្រសួង ដើម្បីចែករំលែកឯកសារពាក់ព័ន្ធ និងប្រគល់សម្បត្តិវប្បធម៌ទាំងនោះ ដោយស្ម័គ្រចិត្តមកកម្ពុជាវិញ។ លោកស្រីថា ក្រសួងកំពុងបន្តប្រមូលភស្តុតាង នៃការលួចនាំចេញ និងការកាន់កាប់ដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ខ្មែរ។
ជាមួយនេះ លោកស្រីបាន អបអរសាទរចំពោះកិច្ចសហការរបស់រដ្ឋាភិបាលសហ រដ្ឋអាមេរិកក្នុងការបញ្ជូនមកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរ និងថ្លែងអំណរគុណដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងនៅក្នុង និងក្រៅប្រទេស ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រុមការងាររបស់ក្រសួងជាពិសេសចំពោះលោក Bradley J. Gordon និង Steven Heimberg ៕ (មានជ័យ)