Europe-
ប្រទេសដែលមានព្រំប្រទល់ជាប់នឹងបែលឡារុស បានបញ្ចេញការព្រួយបារម្ភកាលពីថ្ងៃព្រហស្បត៍ថា វិបត្តិក្នុងការកើនឡើងនៃចំនួនជនអន្តោប្រវេសន្ត៍ក្នុងការព្យាយាមទម្លុះព្រំប្រទល់ចូលទៅក្នុងសហគមន៍អឺរ៉ុប អាចនឹងបង្កទៅជាការប្រឈមមុខផ្នែកយោធា។ Lithuania, Estonia, Latvia បានថ្កោលទោសនូវការឡើងកំដៅដែលបានគិតទុកជាមុន នូវការបន្តវាយប្រហារជាតំណាក់ៗ ដោយរបបបែលឡារុស ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខអឺរ៉ុប, ដែលជាការនិយាយយោងទៅរកការចោទប្រកាន់ថា បែលឡារុស កំពុងប្រើប្រាស់ជនអន្តោប្រវេសន្ត៍ជាអាវុធ។
“នេះនឹងកើនឡើងនូវលទ្ធភាពនៃការបង្កហេតុ និងឧប្បត្តិហេតុយ៉ាងធ្ងន់ធ្ងរ ដែលនឹងអាចហៀរទៅដល់ការប្រឈមក្នុងវិស័យយោធា” សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Lithuanian, Latvian, និង Estonian បាននិយាយ។ ជនអន្តោប្រវេសន្ត៍ដែលកកស្ទះនៅក្នុងទឹកដី បែលឡារុស បានគ្រវែងដុំថ្ម និងមែកឈើ សំដៅទៅកាន់ឆ្មាំយាមទល់ដែនប៉ូឡូញ ព្រមទាំងប្រើកំណាត់ឈើវាយបំបាក់របងលួសបន្លាក្នុងពេលយប់ ក្នុងការប៉ុនប៉ងជាថ្មីដើម្បីរកផ្លូវចូលទៅកាន់សហគមន៍អឺរ៉ុប អាជ្ញាធរទីក្រុងវ៉ាសូវីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
សហគមន៍អឺរ៉ុបកាលពីថ្ងៃពុធ បានចោទប្រកាន់បែលឡារុសថា បានបង្កើនការវាយប្រហារតាមរបៀបមុខ២ទៅលើប្លុកនេះ ដោយលើកទឹកចិត្តជនអន្តោប្រវេសន្ត៍ជាច្រើនពាន់នាក់ ដែលបានរត់ចេញពីតំបន់ដែលហែកហួរគ្នាដោយភ្លើងសង្រ្គាមនៅក្នុងពិភពលោក ឲ្យព្យាយាមចូលទៅក្នុងសហគមន៍អឺរ៉ុប។ សហគមន៍នៃប្លុកនេះក៏បានជំរុញឲ្យមានការដាក់ទណ្ឌកម្មជាថ្មីទៅលើបែលឡារុស។
ប្រធានាធិបតី បែលឡារុស Alexander Lukashenko បានគំរាមថានឹងធ្វើការឆ្លើយតបទៅនឹងទណ្ឌកម្មណាមួយ រួមទាំងការបិទនូវការឆ្លងកាត់ទំនិញ និងឧស្ម័នធម្មជាតិតាម បែលឡារុស។ វិបត្តិបានជះកំទេចផ្កាភ្លើងនៃការប្រឈមមុខរវាងបស្ចឹមប្រទេស និងរុស្សី ដែលបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រដាប់ដោយអាវុធនុយគ្លេអ៊ែរ២គ្រឿង ហោះពីលើដែនអាកាសរបស់អ៊ុយក្រែនកាលពីថ្ងៃពុធ ដែលជាការបង្ហាញនូវការគាំទ្រចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន៕