Yangon-
របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកកាសែតអាមេរិកម្នាក់ដែលបានឃុំខ្លួនចាប់តាំងពីខែឧសភា ថានាំឲ្យមានការបះបោរ និងភេវរកម្ម ដែលនឹងត្រូវទទួលទោសជាអតិប្បរិមាជាប់ពន្ធនាគារអស់មួយជីវិត, មេធាវីរបស់អ្នកកាសែតនោះបាននិយាយកាលពីថ្ងៃពុធ។ ប្រទេសអាស៊ានមួយនេះបានជាប់ផុងនៅក្នុងភាពរំជើបរំជួលមួយចាប់តាំងពីរដ្ឋប្រហារខែកុម្ភះ ហើយពួកយោធាបានព្យាយាមកំទេចអ្នកតវ៉ា ដើម្បីប្រជាធិបតេយ្យដែលបានរីករាលដាល និងបំបិទមាត់អ្នកប្រឆាំង។
Danny Fenster ដែលត្រូវបានគេចាប់ខ្លួននៅពេលដែលគាត់បានព្យាយាមចាកចេញពីប្រទេសកាលពីខែឧសភា ត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងនឹងភេវរកម្ម និងច្បាប់បំបះបំបោរ, មេធាវីរបស់គាត់ លោក Than Zaw Aung បានប្រាប់កាសែត AFP ។ ការចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងនឹងភេវរករនឹងត្រូវអនុវត្តិសាលក្រមជាអតិប្បរិមាដាក់ពន្ធនាគារអស់មួយជីវិត។ សាវនាការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
Fenster អាយុ ៣៧ឆ្នាំបានធ្វើការឲ្យកាសែតក្នុងស្រុកមួយឈ្មោះ Frotier Myanmar អស់រយៈពេលប្រហែលមួយឆ្នាំ ហើយបានចេញដំណើរទៅលេងស្រុកដើម្បីសួរសុខទុក្ខគ្រួសារ នៅពេលដែលត្រូវគេចាប់ខ្លួន។ លោកត្រូវបានឡើងសវនាការរួចហើយនៅក្នុងការចោទប្រកាន់ថា បានលើកទឹកចិត្តអ្នកបះបោរឲ្យប្រឆាំងនឹងពួកយោធា ជួបជុំគ្នាដោយខុសច្បាប់ រំលោភច្បាប់អន្តោប្រវេសន្ត៍ ហើយកំពុងតែត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ Insein ។ “គាត់មានសភាពស្គមស្គាំងខ្លាំង“ Than Zaw Aung បាននិយាយ។
Fenster មានការអស់សង្ឃឹមយ៉ាងខ្លាំង ក្នុងការដែលត្រូវបានទទួលនូវការចោទប្រកាន់ថ្មីបន្ថែមទៀត ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ៍។ រឿងនេះបានលេចចេញមកប៉ន្មានថ្ងៃ បន្ទាប់ពីអតីតអ្នកការទូតអាមេរិក និងជាអ្នកចរចាឲ្យមានការដោះលែងចំណាប់ខ្មាំង Bill Richardson បានជួបជាមួយនឹងមេដឹកនាំយោធា Aung Ming Hlain នៅក្នុងទីក្រុងណៃពិដោរ។
អតីតឯកអគ្គរដ្ឋទូតប្រចាំអ.ស.ប. បាននិយាយថា លោកមានសង្ឃឹមថាលោកនឹងធ្វើឲ្យមានការសម្របសម្រួលដើម្បីបន្តនូវទស្សនកិច្ច នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិដើម្បីបានចូលទៅក្នុងពន្ធនាគារ ដែលពោរពេញទៅដោយអ្នកទោសនយោបាយ។ Richardson បានប្រកែកមិនព្រមផ្តល់នូវការលំអិតបន្ថែមទៀត ដោយបាននិយាយថា ក្រសួងការបរទេសអាមេរិកបានសុំឲ្យលោកកុំលើកយកករណីរបស់ Fenster មកនិយាយក្នុងអម្លុងពេលទស្សនកិច្ច៕