United Nations-AP
កាលពីថ្ងៃច័ន្ទ ប្រធានអ.ស.ប.ទទួលបន្ទុកខាងកិច្ចការមនុស្សធម៌បានជំរុញឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីអនុញ្ញាតិកុំឲ្យមានការយឺតយ៉ាវក្នុងការចូលទៅជួយប្រជាពលរដ្ឋមីយ៉ាន់ម៉ាជាង៣លាននាក់ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ដើម្បីស្រោចស្រង់ជីវិត បន្ទាប់ពីកងកម្លាំងយោធាបានចាប់យកអំណាចកាលពីថ្ងៃទី១ ខែកុម្ភះ ដោយសារតែការកើនឡើងនៃទំនាស់និងអសន្តិសុខ, កូវីដ-19, និងការដួលរលំនៃសេដ្ឋកិច្ច។
Martin Griffiths បានជំរុញផងដែរចំពោះម្ចាស់ជំនួយឲ្យឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់អ.ស.ប. ដោយនិយាយថា ទឹកប្រាក់ចំនួនជិតពាក់កណ្តាលនៃ ៣៨៥លានដុល្លារជាតម្រូវការបន្ទាន់ បន្ទាប់ពីពួកយោធាបានបណ្តេញរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបស់អ្នកស្រី អូងសាន ស៊ូជី ចេញពីអំណាច។ សេចក្តីថ្លែងការណ៍របស់ Griffiths បានចេញមកក្នុងខណៈដែលក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានធ្វើការប្រជុំបិទទ្វារលើបញ្ហាមីយ៉ាន់ម៉ា ដែលស្នើរឡើងដោយ ចក្រភពអង់គ្លេស។
ចាប់តាំងពីអ្នកស្រី អូងសាន ស៊ូជី បានបណ្តេញចេញពីអំណាច មីយ៉ាន់ម៉ាបានជំពាក់វាក់វិនទៅនឹងការបះបោរ ជាមួយនឹងការតវ៉ាធ្វើបាតុកម្មដោយសន្តិវិធីប្រឆាំងទៅនឹងរដ្ឋាភិបាលយោធា រហូតដល់ទៅមានការបង្រ្កាបដោយហិង្សា បាត់បង់ជីវិតមនុស្សជិត១,០០០ នាក់, ចាប់ខ្លួនមនុស្សជាច្រើនពាន់នាក់ ដែលជាបាតុករនិងសកម្មជនក្រុមប្រឆាំង ជាពិសេសទៅទៀតនៅតាមតំបន់ព្រំដែនក្រុមសកម្មប្រយុទ្ធជាជនជាតិភាគតិចក៏បានចាប់ផ្តើមមានការប៉ះទង្គិចឡើងវិញជាមួយនឹងរដ្ឋាភិបាលយោធា។
Griffiths បាននិយាយទៀតថា “ស្ថានការណ៍នៅទិសពាយ័ព្យនៃប្រទេស មានសភាពគួរឲ្យព្រួយបារម្ភខ្លាំងមែនទែន ដោយសារការកើនឡើងនូវអរិភាពរវាងកងកម្លាំងយោធាមីយ៉ាន់ម៉ានិងកម្លាំងការពារទឹកដីរដ្ឋ Chin និងកងកម្លាំងការពារប្រជាពលរដ្ឋ នៅក្នុងតំបន់ Magway និង Saging ”។ “ប្រជាពលរដ្ឋចំនួន ៣៧,០០០ នាក់ រួមទាំងស្រ្តីនិងកូនក្មេង ត្រូវផ្លាស់ប្តូរជំរកថ្មី, ផ្ទះសម្បែងចំនួន១៦០ខ្នងត្រូវបានដុតបំផ្លាញ រួមទាំងព្រះវិហារ និងការិយាល័យអង្គការមនុស្សធម៌ផងដែរ” ៕