Beijing-
មេដឹកនាំកំពូលនៃគណបក្សកុម្មុយនិស្តចិនបានចាប់ផ្តើមជួបប្រជុំគ្នាដែលគេរំពឹងថាដើម្បីពង្រឹងអំណាចឲ្យណែននៅក្នុងដៃលោកប្រធានាធិបតី Xi Jing Ping ។ សមាជិកគណបក្សនៃគណកម្មាធិការកណ្តាលដ៏មានឥទ្ធិពលប្រហែលជា៤០០នាក់ បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងនៅក្នុងសម៏យប្រជុំដែលមានរយៈពេល៤ថ្ងៃ, ក៏ដូចជាការប្រជុំទាំងអស់ជាសម្ងាត់នៃមេដឹកនាំចិន, ត្រូវធ្វើឡើងដោយបិទទ្វារ។
កាសែតរដ្ឋ Xinhua បាននិយាយថា លោក Xi បានបើកការប្រជុំដោយចាប់ផ្តើមជាមួយនឹងរបាយការណ៍ការងារមួយ និងពន្យល់ពង្រាងនៃសេចក្តីសម្រេចមួយ លើជោគជ័យដ៏ធំ និងបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់គណបក្សក្នុងរយៈពេល១០០ឆ្នាំ។ សេចក្តីសម្រេចនេះនឹងពង្រាងព្រមទាំងរៀបចំឈុតឆាកសំរាប់ការប្រជុំសភាគណបក្សឆ្នាំក្រោយលើកទី២០ ដែលលោក Xi ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសថា លោកនឹងបន្តការងារនៅក្នុងតំណែងអាណត្តិទី៣ជាបន្តទៅទៀត ដែលជាការផ្សាភ្ជាប់នូវតំណែងរបស់ខ្លួនជាមេដឹកនាំកំពូលដ៏មានអំណាចជាងគេបន្ទាប់ពី ម៉ៅសេ ទុង។
កាសែតរដ្ឋ Xinhua បាននិយាយសរសើរការដឹកនាំរបស់លោក Xi ដោយបានប្រកាសថា “លោកជាមនុស្សដែលមានគំនិត និងអារម្មណ៍គិតជ្រៅ ជាមនុស្សដែលត្រូវបានទទួលនូវមរតកមួយ ដែលហ៊ានធ្វើការផ្លាស់ប្តូរ និងជាមនុស្សដែលមានចក្ខុវិស័យឆ្ពោះទៅមុខ និងមានការប្តេជ្ញាចិត្តមិនចេះនឿយហត់”។ ដោយត្រូវបានគេមើលឃើញនិងចាត់ទុកថាជា មេដឹកនាំដែលមានអំណាចជាងគេក្នុងប្រទេសចិន ចាប់តាំងពីលោកប្រធាន ម៉ៅ, នៅក្នុងមុខតំណែង លោក Xi ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើការបង្រ្កាបប្រឆាំងទៅនឹងអំពើពុករលួយដែលលាតសន្ធឹងយ៉ាងវែង, បង្រ្កាបនយោបាយនៅក្នុងតំបន់ Xinjiang, Tibet, និងបង្កើននូវវិធីសាស្ត្រគាំពារទំនាក់ទំនងអន្តរជាតិ។
លោកក៏បានបង្កើតនូវវប្បធម៌ភាពជាអ្នកដឹកនាំ បដិសេធនូវការរិះគន់ កំណត់នូវគូរប្រជែងនិងបង្កើតនូវទ្រឹស្តីនយោបាយសំរាប់ខ្លួនឯង ដែលគេស្គាល់ថាជាគំនិត Xi Jing Ping ចែកចាយទៅដល់សិស្សនិស្សិត។ Cris Johnson សមាជិកសមាគមន៍នៃវីទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ បានប្រាប់ Sinocism ថា សេចក្តីសម្រេចថ្មីនេះ អាចធ្វើឲ្យលោក Xi សម្រេចបាននូវមហិច្ឆិតាររបស់លោកក្នុងការកាន់អំណាចអស់មួយជីវិត៕