មានអ្នកវិទ្យាសាស្រ្តមួយចំនួន ដែលអាចបង្ហាញពីខែកំណើតរបស់អ្នកអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ យោងតាមការសិក្សាដែលចេញផ្សាយដោយ JAMIA បានឱ្យដឹងថា ខែកំណើតរបស់អ្នកអាចជាប់ទាក់ទងនឹងជំងឺផ្សេងៗ ដែលអ្នកអាចវិវត្តន៍ពេញមួយជីវិតរបស់អ្នក។ វាអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកតាមវិធីគួរឱ្យចាប់អារម្មណ៍ជាច្រើន។
ចង់ស្វែងយល់បន្ថែមមែនទេ? សូមក្រឡេកមើលខែដែលអ្នកកើតអាចមានផលប៉ះពាល់ ឬមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
ទារកដែលកើតនៅរដូវស្លឹកឈើជ្រុះ (ខែកញ្ញា តុលា និងវិច្ឆិកា) មានអំណោយផលក្នុងផ្នែកអត្តពលិកបំផុត
ទារកដែលកើតនៅរដូវស្លឹកឈើជ្រុះ អាចជាមនុស្សដែលមានអំណោយផលក្នុងផ្នែកអត្តពលិកបំផុត នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង International Journal of Sports Medicine ។ ជាពិសេស អ្នកដែលកើតក្នុងខែវិច្ឆិកា មានទំនោរ "មានភាពរឹងមាំ និងមានកម្លាំងខ្លាំង" ជាងអ្នកដែលកើតនៅខែផ្សេងៗទៀត លើកលែងតែអ្នកដែលកើតនៅខែកញ្ញា និងវិច្ឆិកា។
ទារកដែលកើតនៅនិទាឃរដូវ (ខែមីនា មេសា និងឧសភា) និងរដូវក្តៅ (ខែមិថុនា កក្កដា និងសីហា)
ទារកដែលកើតនៅរដូវនិទាឃរដូវ និងរដូវក្តៅ ជាទូទៅមានសុខភាពល្អជាងអ្នកដែលកើតនៅរដូវផ្សេងៗទៀត។ ប្រសិនបើអ្នកកើតនៅនិទាឃរដូវ ឬរដូវក្តៅ អ្នកនឹងមិនមានភាគរយច្រើនក្នុងការកើតជំងឺបេះដូង និងបញ្ហាសុខភាពទូទៅនោះទេ។ យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Columbia មនុស្សដែលកើតក្នុងខែឧសភាមានហានិភ័យទាបបំផុតនៃការវិវត្តទៅជាជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ អ្នកដែលកើតក្នុងខែតុលា និងវិច្ឆិកា មានហានិភ័យខ្ពស់នៃជំងឺ។
ទារកដែលកើតនៅរដូវស្លឹកឈើជ្រុះ (ខែកញ្ញា តុលា និងវិច្ឆិកា) និងរដូវរងា (ខែធ្នូ មករា និងកុម្ភៈ)
ទារកដែលកើតនៅក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងា មានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺផ្សេងៗជាងអ្នកដែលកើតនៅនិទាឃរដូវ និងរដូវក្តៅ។ ហើយទោះបីជាយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជាអាចរស់នៅបានយូរជាងមនុស្សគ្រប់រូប។ យោងតាមការស្រាវជ្រាវដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Columbia អ្នកដែលកើតក្នុងរដូវរងាមានហានិភ័យខ្ពស់នៃជំងឺបេះដូង លើសឈាម ស្ទះសរសៃឈាមបេះដូង និងជំងឺច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ យោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយសាកលវិទ្យាល័យ Chicago ក្នុង Journal of Aging Research មនុស្សដែលកើតក្នុងអំឡុងពេលនេះ ទំនងជារស់នៅអាចប្រារព្ធពិធីគម្រប់ខួប 100 ឆ្នាំរបស់ពួកគេជាងអ្នកដទៃ។
ទារកដែលកើតនៅរដូវរងា(ខែធ្នូ មករា និងកុម្ភៈ) ទំនោរជាមានហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្លាក់ទឹកចិត្ត
មនុស្សដែលកើតនៅរដូវនេះ ទំនោរជាមានហានិភ័យខ្ពស់ក្នុងការកើតជំងឺធ្លាក់ទឹកចិត្ត ហើយវាជារឿងពិតដែលបានប៉ះពាល់ដល់មនុស្សជាច្រើន។ ខែត្រជាក់ គឺមិនត្រឹមតែត្រជាក់នោះទេ ថែមទាំងងងឹតទៀតផង ដោយគ្មានពន្លឺថ្ងៃ ផ្តល់អោយអ្នកនូវវីតាមីន D ដែលយើងទាំងអស់គ្នាត្រូវការទៀតផង។
មនុស្សដែលកើតនៅនិទាឃរដូវ (ខែមីនា មេសា និងឧសភា)
មនុស្សដែលកើតនៅនិទាឃរដូវ អាចមានបញ្ហានឹងភាពមិនប្រក្រតីនៃការញ៉ាំ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង British Journal of Psychiatry ។ ដូចដែលការសិក្សាបានសរសេរថា "ភាពងាយទទួលរងនូវនឹងជំងឺមិនឃ្លានអាហារ ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង ជាមួយនឹងអត្រាខ្ពស់ចំពោះមនុស្សដែលកើតនៅនិទាឃរដូវ និងទាបជាងចំពោះអ្នកដែលកើតក្នុងរដូវស្លឹកឈើជ្រុះ"។ មនុស្សប្រាំបីនាក់ក្នុងចំនោមមនុស្ស 100 នាក់ដែលកើតនៅចន្លោះខែមីនា និងខែមិថុនា មានជំងឺមិនឃ្លានអាហារ បើប្រៀបធៀបទៅនឹងមនុស្សតែ 7 ភាគរយប៉ុណ្ណោះនៃអ្នកដែលមិនមានវា។
ការកើតនៅនិទាឃរដូវត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺវិកលចរិក (ខែមីនា មេសា និងឧសភា)
ជំងឺវិកលចរិក គឺជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរដែលមនុស្សអាចជួបប្រទះ "ការយល់ច្រលំ វង្វេងស្មារតី និងការគិតខុសខ្លាំង និងអាកប្បកិរិយាដែលធ្វើឱ្យខូចមុខងារប្រចាំថ្ងៃ" នេះបើយោងតាម Mayo Clinic ។ ហើយការកើតនៅនិទាឃរដូវ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺវិកលចរិក នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង The American Journal of Psychiatry ។
មនុស្សដែលកើតនៅនិទាឃរដូវត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទី 1 (ខែមីនា មេសា និងឧសភា)
ជំងឺទឹកនោមផ្អែមប្រភេទទី ១ កំពុងកើនឡើងនៅជុំវិញពិភពលោក។ ប្រសិនបើអ្នកមានវា លំពែងរបស់អ្នកមិនអាចបង្កើតអាំងស៊ុយលីន ឬវា "បង្កើតអាំងស៊ុយលីនតិចតួចបំផុត" ដែលជាអរម៉ូនដែលជួយឲ្យជាតិស្ករក្នុងឈាមចូលទៅក្នុងកោសិកាសម្រាប់ថាមពលរបស់អ្នក នេះបើយោងតាមCenters for Disease Control and Prevention។ ជាតិស្ករក្នុងឈាមខ្ពស់ អាចបង្កគ្រោះថ្នាក់ ហើយអាចបង្កជារោគសញ្ញាខុសៗគ្នាទាំងផ្លូវកាយ និងផ្លូវចិត្ត។
អ្នកដែលកើតនៅរដូវផ្ការីក ទំនោរជាមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ច្រើនជាងមនុស្សដែលកើតក្នុងរដូវផ្សេងៗ។ យោងតាមការសិក្សាដែលចេញផ្សាយដោយ American Diabetes Association មនុស្សដែលកើតនៅនិទាឃរដូវ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃជំងឺទឹកនោមផ្អែមប្រភេទទី 1 ទោះបីជាវាមិនមែនជាការពិតនៅគ្រប់តំបន់ទូទាំងប្រទេសអាមេរិកក៏ដោយ។
ទារកនៅរដូវក្តៅ (ខែមិថុនា កក្កដា និងសីហា)ទំនោរជាមានកម្ពស់ខ្ពស់
យោងតាមវិទ្យាសាស្ត្រ មនុស្សដែលកើតក្នុងរដូវក្តៅ អាចមានកម្ពស់ខ្ពស់។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Heliyon បានរកឃើញថា ទារកដែលកើតនៅរដូវក្តៅ ជាធម្មតាមានកម្ពស់ខ្ពស់ជាងទារកក្នុងរដូវរងារ ដោយសារតែអ្វីដែលពួកគេទទួលបាននៅក្នុងវ័យកុមារភាពរបស់ពួកគេ។
ប៉ុន្តែមនុស្សដែលកើតនៅរដូវក្តៅ មានការផ្លាស់ប្តូរអារម្មណ៍(Mood Swings) លឿន។ ការផ្លាស់ប្តូរអារម្មណ៍មួយចំនួន អាចភ្ជាប់ទៅនឹងបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗ នេះបើយោងតាម Healthline ហើយនេះរួមបញ្ចូលទាំងជំងឺបាយប៉ូឡា ជំងឺធ្លាក់ទឹកចិត្តខ្លាំង ជំងឺមានបុគ្គលិកលក្ខណៈមិនប្រក្រតី និងច្រើនទៀត។
ទារកដែលកើតនៅក្នុងរដូវក្តៅ ទំនោរជាមានបញ្ហាភ្នែកច្រើនជាង(ខែមិថុនា កក្កដា និងសីហា)
ទារកដែលកើតនៅរដូវក្តៅ អាចមានបញ្ហាភ្នែកច្រើនជាងមនុស្សដែលកើតក្នុងខែផ្សេងទៀត នេះបើយោងតាមការសិក្សាលើមនុស្សវ័យជំទង់ចំនួន 300,000 នាក់ ដែលត្រូវបានបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ Tel Aviv ។ យោងតាមការស្រាវជ្រាវ ទារកដែលកើតក្នុងខែមិថុនា និងកក្កដា មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺ ម្ញូបឆ្ងាយ ធ្ងន់ធ្ងរជាងអ្នកដែលកើតក្នុងខែធ្នូ និងខែមករា ដល់ទៅ 24 ភាគរយ។
ជំងឺ ម្ញូបឆ្ងាយ ដែលត្រូវបានគេស្គាល់ថាជា ភ្នែកស្រវាំង គឺជា "ស្ថានភាពទូទៅមួយ ដែលអ្នកអាចមើលឃើញវត្ថុនៅជិតអ្នកយ៉ាងច្បាស់ ប៉ុន្តែវត្ថុដែលនៅឆ្ងាយគឺព្រិលៗ" នេះបើយោងតាម Mayo Clinic ។
ទារកដែលកើតនៅរដូវស្លឹកឈើជ្រុះ (ខែកញ្ញា តុលា និងវិច្ឆិកា)មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាអាឡែហ្ស៊ីអាហារ
ទារកដែលកើតនៅរដូវស្លឹកឈើជ្រុះ មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាអាឡែហ្ស៊ីអាហារ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុង Journal of Epidemiology and Community Health (យោងតាម LiveScience) ។ ជាពិសេស ទារកដែលកើតក្នុងរដូវស្លឹកឈើជ្រុះ មានហានិភ័យ 9.5 ភាគរយនៃការវិវត្តទៅជាអាឡែហ្ស៊ីអាហារ។ អ្នកដែលកើតក្នុងខែវិច្ឆិកា និងធ្នូ ក៏ងាយនឹងប្រឈមមុខនឹងជំងឺហើត និងជំងឺត្រអកផងដែរ។
អត្តបទដកស្រង់ពី healthdigest
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង