យោធាគ្រប់គ្រងភូមាកាលពីថ្ងៃពុធ បានឈរនៅលើសេចក្តីសំរេចរបស់ខ្លួនដោយមិនអនុញ្ញាតិបេសកជនពិសេសអាស៊ានបានជួបជាមួយនឹងមេដឹកនាំដែលត្រូវគេឃុំខ្លួន អ្នកស្រី អូងសាន ស៊ូជី ដោយប្រឆាំងទៅនឹងសម្ពាធអន្តរជាតិដែលកាន់តែមានការកើនឡើង ដើម្បីឲ្យគោរពទៅតាមផែនការសន្តិភាពក្នុងតំបន់ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា។
មន្ត្រីជាន់ខ្ពស់យោធាដែលជាមេបញ្ជាការរង ឧត្តមសេនីយ៍ Soe Win ដែលបានចាប់យកអំណាចពីរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតរបស់អ្នកស្រី អូងសាន ស៊ូជី កាលពីខែកុម្ភះបាននិយាយថា អនុញ្ញាតិឲ្យជនបរទេសជួបជាមួយនឹងអ្នកណាម្នាក់ដែលប្រឈមទៅនឹងបទឧក្រិដ្ឋ គឺជាការប្រឆាំងទៅនឹងច្បាប់នៅក្នុងប្រទេស។ "ខ្ញុំជឿជាក់ថា គ្មានប្រទេសណាមួយនឹងអនុញ្ញាតិឲ្យអ្នកណាម្នាក់នឹងធ្វើអ្វីមួយដែលទៅឆ្ងាយពីច្បាប់ដូច្នេះទេ" លោកបាននិយាយនៅក្នុងការថ្លែងសុន្ទរកថាមួយតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ពាក្យសំដីរបស់លោកបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ានកាលពីអាទិត្យមុន ដោយមីយ៉ាន់ម៉ាមិនបានចូលរួម ជាការប្រឆាំងទៅនឹងការផាត់ចេញមេដឹកនាំយោធា មីង អូងលាំង ពីប្លុកអាស៊ានក្នុងការដែលមីយ៉ានម៉ា មិនបានផ្តល់កិត្តិយសដល់កិច្ចព្រមព្រៀងនៃផែនការសន្តិភាព៥ចំណុច។ លោកបានហៅថាវាជាការមិនគោរពនូវក្រមជាឯកច្ឆ័ន្ទរបស់អាស៊ាននិងគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផងគ្នា ទើបបដិសេធមិនបញ្ជូនតំណាងជាន់ខ្ពស់ទៅចូលរួម។
Soe Win បានបដិសេធនូវការចោទប្រកាន់ថាយោធាមីយ៉ាន់ម៉ាមិនគោរពទៅតាមកិច្ចព្រមព្រៀង ព្រមទាំងបាននិយាយថា កិច្ចព្រមព្រៀងខែមេសាជាមួយអាស៊ានវាអាចកើតមានទៅបាន ដោយយោលទៅតាមការពិចារណារពីកិច្ចការផ្ទៃក្នុងបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា ការដែលអនុញ្ញាតិឲ្យបេសកជនពិសេសចូលទៅក្នុងប្រទេស វាអាស្រ័យទៅលើស្ថិរភាពផ្ទៃក្នុងរបស់ប្រទេស៕