ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា រៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។
ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី "តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ" (Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារៈសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ។
ទាំងប្តី និងប្រពន្ធ ដែលជាឳពុកម្តាយរបស់សីហាមិនមានទូរស័ព្ទប្រើប្រាស់នោះទេ៕