មានប្រសាសន៏នៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារមានអាយុ៦ឆ្នាំឡើងនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្វាគមន៍ទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដរួចរាល់ ឬហៅថាទេសចរណ៍វ៉ាក់សាំង ដែលចូលទៅតំបន់ចំនួន៣ ដែលបើកដំណើការមុនគេនិងបានបញ្ជាក់ថា មិនចាំបាច់ធ្វើ ចត្តាឡីស័កនៅក្នុងបន្ទប់សណ្ឋាគារឡើយ។
សម្ដេចតេជោ ក៏បាន ប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញផងដែរដោយបានបញ្ជាក់ថា "ដំណាក់កាលទី៤ គឺការបើកដំណើរការប្រទេ ស ពេញ លេញឡើងវិញលើគ្រប់វិស័យ និងការ រស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅថ្ងៃហ្នឹងយើងចាប់បើកអ្វីដែលមិនទាន់ពេញលេញគឺវាស្ថិតនៅត្រង់ទេសចរបរទេសមិនទាន់មាន។ ទេសចរណ៍ផ្ទៃក្នុងបើកនាំគ្នាដើរលេងទៅ"។ សម្ដេចអះអាងថា នៅលើសកលលោកគេក៏ចាប់ផ្ដើមធ្វើដែរគេដើរលេងទៅប្រទេសបារាំងទៅអង់គ្លេស គេអត់មានធ្វើចត្តាឡឺស័កទេ។ ចូលហាងបានម៉ាសេរី ប៉ុន្តែយើងហេតុអ្វីខ្លាចម៉្លេះតែយើងកុំហ៊ានជ្រុល។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាឧស្សាហកម្មកម្ពុជាបានដំណើរការធម្មតានៅក្នុងឱកាស នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាហើយក៏មិនត្រឹមតែដំណើរការរោងចក្រចាស់ដែរ រោងចក្រថ្មីក៏ចូលមកផងដែរ។ វិស័យកសិកម្មក៏នៅដំណើរការធម្មតាហើយធ្វើបានលើសផែនការទៀតផង ប៉ុន្តែអ្វីដែលបាត់គឺបញ្ហាសេវាកម្ម។ ការលក់ដុំការលក់រាយ ហើយអ្វីដែលបាត់បង់ធំជាងគេគឺទេសចរណ៍។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថាវិស័យទេសចរណ៍ក៏នឹងត្រូវបើកដំណើរការជំហានៗឡើងវិញដែរ តួយ៉ាងនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ កម្ពុជានឹងចាប់ផ្ដើមបើកទទួលទេសចរណ៍វ៉ាក់សាំងមានន័យថា បើកទទួលការមកទស្សនារបស់ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងទេសចរណ៍បានរៀបចំគោលដៅទេសចរណ៍សម្រាប់ទេសចរណ៍វ៉ាក់សាំងចំនួន៣គោលដៅរួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និង តំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរខេត្តកោះកុង។
បើតាមសម្តេចតេជោ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកដល់កម្ពុជានឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃនៅក្នុងតំបន់គោលដៅទេសចរណ៍ទាំង៣នេះ ប៉ុន្តែមិនមែនធ្វើចត្តាឡីស័កក្នុងបន្ទប់ស្នាក់នៅដូចមុននោះទេគឺអាចដើរទស្សនាកម្សាន្តនៅដែនរដ្ឋបាលនៃគោលដៅទាំង៣នេះបានយ៉ាងរីករាយ ពោលគឺប្រៀបបីដូចដើរលេងយ៉ាងដូច្នេះដែរ។ ការស្នាក់នៅដើរកម្សាន្តធ្វើចត្តាឡីស័កនៅក្នុងគោលដៅទាំង៣ នេះទៀតសោតគឺតម្រូវឱ្យភ្ញៀវទេសចរបង់ប្រាក់ធានារ៉ាប់រងសុខភាពតែ៩០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែប្រសិនបើមានបញ្ហាសុខភាព ឬត្រូវព្យាបាលជំងឺកូវីដ-១៩នោះសាមីខ្លួននឹងទទួលអត្ថប្រយោជន៍ដល់ទៅ៥ម៉ឺនដុល្លារ។ បន្ទាប់ពីគ្រប់រយៈពេល៧ថ្ងៃហើយ ភ្ញៀវទេសចរត្រូវធ្វើតេស្តវិភាគរកមេរោគកូវីដ-១៩ ហើយប្រសិនបើចេញលទ្ធផលអវិជ្ជមានពួកគេអាចចេញដើរកម្សាន្តនៅទូទៅប្រទេសកម្ពុជាតទៀតបានដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍។
សូមបញ្ជាក់ថា តាមគម្រោងប្រសិនបើជំហានដំបូងខាងលើនេះទទួលបានជោគជ័យ រាជរដ្ឋាភិបាលគ្រោងនឹងបើកគោលដៅសៀមរាប អង្គរបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍វ៉ាក់សាំងពីទីផ្សារទេសចរណ៍អន្តរជាតិ ប៉ុន្តែទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការទទួលភ្ញៀវទេសចរអន្តរជាតិនេះក៏ត្រូវមានការគិតគូររៀបចំនិងអនុវត្តឱ្យបានហ្មត់ចត់ផងដែរ ដើម្បីការពារសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា៕ (មានជ័យ)