ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានសម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា លើកយកពិភាក្សា នៅក្នុងសម័យប្រជុំព្រឹទ្ធវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២ ខែ វិច្ឆិកាឆ្នាំ២០២១នេះ ដែលមានកូរ៉ុមសមាជិកសមាជិកាព្រឹទ្ធសភា ចំនួន៥២រូប។សម័យប្រជុំជាវិសាមញ្ញព្រឹទ្ធសភា បានពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយសំឡេងឯកច្ឆ័ន្ទ។
គួរបញ្ចាក់ថាសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២១កន្លងទៅសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៦នីតិកាលទី៦ពិភាក្សានិងអនុម័តគាំទ្រដោយសំឡេងភាគច្រើនលើសលុប ១១១/១១១ សំឡេង។
ក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះដែរ បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយផ្អែកលើមាត្រា១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) មាត្រា១៥៤ ថ្មី (ពីរ មាត្រា១៥២ថ្មី) និងមាត្រា ១៥៥ថ្មី(ពីរមាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា ១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុ បក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានាឱឡារិកភាពទាំងខាងផ្លូវច្បាប់ទាំងខាងនយោ បាយចំពោះគោលជំហរនិងការប្តេជ្ញាចិត្ត ស្មោះ ត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជា ជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេសនិងដោយយោងតាមមាត្រា ១៥៣ថ្មី (២) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលបានស្នើសុំធ្វើវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនិងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សំដៅចរិកគោលការណ៍គ្រឹះទាំង នេះ ចូលក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុម ប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបន្តថា រដ្ឋសភា ព្រឹទ្ធសភា រាជ រដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលដែលមានចែងនៅក្នុងរដ្ឋធម្មុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការបសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការការពារឯករាជ្យជាតិអធិប តេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនៅការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬក៏បង្គាប់បញ្ជាចំពោះគោលនយោ បាយជាតិ និងអន្តរជាតិរបស់កម្ពុជា។
ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សុទ្ធតែត្រូវបានកំណត់ឲ្យមានកាតព្វកិច្ចត្រូវសច្ចាប្រណិធានមុនចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះសង្ឃរាជ និងទេវតារក្សាឆ្វេតឆ័ត្រដែលត្រូវសច្ចាបេ្តជ្ញាជាដាច់ ខាតនូវការអនុវត្តកាតព្វិច្ចស្មោះត្រង់ និងការពារឧត្តមប្រយោជន៍ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។
លោកកិត្តិនីតិកោសលបណ្ឌិតប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធក៏បានតម្រូវឲ្យតំណាង រាស្ត្រ សមាជិក ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន និងអនុប្រធានទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដែលជាស្ថាប័នមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ត្រូវបានច្បាប់កំណត់ឲ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើតនិងមានសញ្ជាតិខ្មែរតែមួយគត់។