ខេត្តព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ក្រោយពីមានគណនី ហ្វេសប៊ុកមួយ ឈ្មោះ លី ឈូន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ថាមានបុរសជនជាតិខ្មែរ ០២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក Scoopy ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IY-1459 បានបន្លំចូលផ្ទះ ប្រជាពលរដ្ឋនិងលួចប្រាក់អស់មួយចំនួនរួចជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានដំណឹងភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង ០១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នគរបាលជំនាញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់មកក៏ឃាត់ខ្លួន បានបក្ខពួកជនសង្ស័យ ចំនួន ០២នាក់ទៀតជាបន្តបន្ទាប់។
ករណីខាងលើនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់គណនីហ្វេសប៊ុកឈ្មោះ លី ឈូន ដែលបានសហការជាមួយនគរបាលជំនាញក្នុងការបង្ហាញភស្តុតាង ដើម្បីនគរបាលជំនាញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យយ៉ាងឆាប់រហ័សយកមកចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចក៏សូមអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុក្នុងពេលជួបបទល្មើស ឬហេតុការណ៍ផ្សេងៗ សូមរាយការណ៍មកកាន់នគរបាលដែលនៅជិតលោកអ្នកបំផុត ដើម្បីឲ្យនគរបាលជំនាញធ្វើការអន្តរាគមន៍បានទាន់ពេលវេលា៕