ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្ររបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មុនពេលឡើងគ្រងរាជ្យព្រះបាទ សីហមុនី ល្បីល្បាញដោយស្នាព្រះហស្ថរបស់ទ្រង់ជាឯកអគ្គរាជទូតវប្បធម៌ នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណដ៏ចំណាន។
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់មានព្រះអនុជ ព្រះអង្គ ព្រះនាមនរោត្ដម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្នបន្តរាជសម្បត្តិពីព្រះរាជបិតា។
ព្រះបាទនរោត្តម-សីហមុនីនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅភ្នំពេញ។ នៅពេលនៃព្រះរាជសូត្រទ្រង់ និងព្រះអនុជរបស់ព្រះអង្គ មាតារបស់ទ្រង់គឺជាពលរដ្ឋខ្មែរដែលមានដើមកំណើតបារាំង-គស និងខ្មែរ ដែលជាព្រះមហេសីមួយអង្គក្នុងចំណោមមហេសីរបស់ព្រះបាទនរោត្តម-សីហនុ បន្ទាប់ពីបានក្លាយជាគូនឹងគ្នានឹងនរ ចាប់តាំងពីថ្ងៃដែលទ្រង់បានជួបគ្នានៅឆ្នាំ១៩៥១ នៅពេលនោះកញ្ញា ម៉ូនិច-អ៊ីហ៊្សី ដែលមានវ័យក្មេងបានឈ្នះជ័យលាភីលេខមួយក្នុងការប្រកួតបវរកញ្ញាថ្នាក់ជាតិ។ ទ្រង់ត្រូវបានផ្ដល់គោរម្យងារជាអ្នកម្នាង និងព្រះនាម "មុនីនាថ" នៅក្នុងពេលរៀបអភិសេករបស់ទ្រង់ជាមួយព្រះបាទ នរោត្តម-សីហនុ នៅឆ្នាំ១៩៥២។ បន្ថែមទៀតម្ចាស់ក្សត្រី មុនីនាថ គឺជាព្រះនត្តាក្សត្រីចុង នៃព្រះអង្គម្ចាស់នរោត្តម-ដួងចក្រ ចុងក្រោយនិងជាកូនស្រីនៃលោកស្រីប៉ុម-ពាង និងជាកូនប្ដីទីពីររបស់គាត់ គឺលោក ហ្សង់-ផ្វ្រង់ស្វ័រ-អ៊ីហ៊្សី ធនាគារិកសញ្ជាតិបារាំង-អ៊ីតាលី។ សម្តេចព្រះនរោត្តម សីហមុនី មានព្រះរៀម និងព្រះអនុជម្តាយទីទៃសរុបចំនួន ១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់ គឺសម្តេចនរោត្តម និន្ទ្រពង្ស (១៩៥៤-២០០៣)។
អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ (Lon Nol) ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ និងបានចាប់ផ្តើមការសិក្សាទាក់ទងនឹងវិស័យភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយម និងបានឃុំព្រះអង្គ នៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ១៩៧៩ ក្រោមការអន្តរាគមន៍ពីសំណាក់ប្រទេស ខណៈប្រទេសកម្ពុជាត្រូវបានប្រទេសវៀតណាមវាយរំដោះផងនោះ។ នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងបានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគ ជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ ដែលមានព្រះសមត្ថភាព មានព្រះសុវណ្ណី ជាភាសាឆេក។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការ យូនេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គ មានប្រជាប្រិយភាពចំពោះការតស៊ូ ធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ព្រះអង្គធ្លាប់បានបដិសេធចំពោះ ការតែងតាំងព្រះអង្គជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង ៩អង្គនាក់ នៃក្រុមប្រឹក្សារាជសម្បតិ្តជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័សនិង សមស្របក្រោយពីដំណឹងដ៏គួរអោយភ្ញាក់ផ្អើល នៃការដាក់រាជ្យនៃសម្តេចព្រះនរោត្តម សីហនុ កាលពីមួយសប្តាហ៍មុន។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភាដែលជាព្រះរៀម ម្តាយទីទៃនៃព្រះមហាក្សត្រថ្មី ដែលបុគ្គលទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។
ការសិក្សានាឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម។ បន្ទាប់មកព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក កាលពីឆ្នាំ១៩៦២។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា វិទ្យាល័យ និងសាលាតូរ្យតន្ត្រីដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណ រហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ១៩៧៧។ នៅឆ្នាំ១៩៨១ ព្រះអង្គបានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងអស់រយៈពេលជាង២០ឆ្នាំ។
ព្រះរាជគោរម្យងារ មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា "ស្ដេចក្រុមឃុន" ដែលព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាននាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា "សម្ដេចព្រះបរមនាថ " នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤។ ព្រះរាជាភិសេកបន្ទាប់ពីព្រះបិតាទ្រង់សម្ដេចព្រះនរោត្តម សីហនុ ទ្រង់ដាក់រាជ្យសម្បត្តិ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេក ព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖
"ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ ជាតិ សាសនា រក្ខតខត្តិយា ខេមរា រដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជ រដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរា ស្រី ពិរាស្ត្រ ព្រះចៅ ក្រុងកម្ពុជាធិបតី"
ប្រែសេចក្ដីថា៖
"អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យបូរណភាព ទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។"
ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាងព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។
គ្រឿងឥស្សរិយយស
• ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍
• ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍
• មន្ត្រីធំនៃ កងពល កិត្តិយស នៃសាធារណរដ្ឋបារាំង
• មេដាយ ប្រាក់ នៃក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង