ទីតាំងល្បែងស៊ីសងដុះស្លែជាច្រើនកន្លែងដែលកំពុងបើកដំណើរការបានដោយគឃ្លើន ដោយគ្មានសមត្ថកិច្ចក្នុងមូលដ្ឋានណាហ៊ានចំណាត់ការលើទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងនោះឡើយ ពិសេសទីតាំងភ្នាល់មាន់ជល់ តាមonline ស្ថិតនៅក្នុងមូលដ្ឋានឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ចំណុចស្ពានលេខ៥៥-ស្ពានលេខ៦០-ចំណុចស្ពានលេខ៦៣ និង នៅតាមទីតាំងដែលជ្រកក្រោមតាមហាងកាហ្វេផ្សេងៗទៀត នៅតែបន្តបើកដំណើរការបានដោយគឃ្លើន ខណៈសមត្ថកិច្ចក្នុងមូលដ្ឋាន គ្មានចំណាត់ការបង្ក្រាបដែលបានធ្វេីឲ្យប្រជាពលរដ្ឋមូលដ្ឋានសម្ដែងការព្រួយបារម្ភ ។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច និងមានការចង្អុលបង្ហាញពីក្រុម ការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ស៊ីម ឃាងអធិការនគរបាលស្រុកកោះធំស្រាវជ្រាវបង្រ្កាបទីតាំងខាងលើ។
ជាលទ្ធផល ៖ នៅរសៀលថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២១ លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាដឹកនាំកម្លាំងនគរបាលស្រុកដោយផ្ទាល់ ចុះធ្វេីការស្របជ្រាវបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់តាមទូរទស្សន៍អនឡាញ) បានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ (ស្រី០១នាក់) និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មេីសមួយចំនួន ដូចជាៈ ម៉ូតូចំនួន ១៥គ្រឿង, ប្រាក់រៀលចំនួន៥០ម៉ឺនរៀល , ទូរទស្សន៍ ០១គ្រឿង , កុំព្យូទ័រ ០១គ្រឿង និងដុំSystemកុំព្យូទ័រ០១គ្រឿង។
ជនសង្ស័យរួមជាមួយវត្ថុតាងពាក់ព័ន្ធកម្លាំងផ្នែកជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកនណ្តាលបន្តចាត់ការតាមនីតិវិធី។