(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំរថយន្តការពារ រថយន្តបំពាក់សារ៉ែន របស់បញ្ជាការដ្ឋានអង្គរក្សចំនួន៥៦គ្រឿង បានអនុវត្តបង់ពន្ធអាករជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមមន្ត្រីនៅទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចតេជោ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមមន្ត្រីទីបញ្ជាការដ្ឋានអង្គរក្សរូបនេះបានឱ្យដឹងថា «បញ្ជាការដ្ឋានអង្គរក្ស បានធ្វើជាគំរូគេក្នុងការអនុវត្តបង់ពន្ធអាករចូលរដ្ឋ ឡាននៅក្នុងបន្ទាយហ្នឹងគឺអត់មានឡានណាអត់បង់ពន្ធនោះទេគឺបង់ពន្ធទាំងអស់លើកលែងតែឡានទាហានដឹកជញ្ជូន ឡានពន្លត់អគ្គីភ័យ ឡានពេទ្យ ឡានការពារដែលដាក់នៅវិមានឯករាជ្យ និងឡានចល័តការពារទាំងអស់ គឺសុទ្ធតែបង់ពន្ធ គឺមានចំនួន៥៦គ្រឿង»។
សូមជម្រាបថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានណែនាំឲ្យក្រសួងស្ថាប័នទាំងអស់ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធនិងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនិងអាករមិនអាចចរាចរលើដងផ្លូវបានឡើយគឺជារថយន្តខុសច្បាប់ដែលនឹងត្រូវរងវិធានការយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់បំផុត»។
សម្តេចតេជោបានសង្កត់ធ្ងន់បញ្ជាក់ថា ក្នុងករណីចាំបាច់ប្រសិនបង្ក្រាបបានរថយន្តសេរីទំនើបគ្មានពន្ធដែលម្ចាស់ជាមេទ័ព មេប៉ូលីស ឬជាអ្នកធំក្នុងជួររាជរដ្ឋាភិបាលតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាជាដើម ដែលមិនគោរពច្បាប់និងបន្តប្រើប្រាស់រថយន្តនោះត្រូវរាយការណ៍អំពីអត្តសញ្ញាណម្ចាស់រថយន្តជូនសម្តេច ដើម្បីសម្តេចមានវិធានការដកមុខតំណែងនិងបណ្ដេញចេញពីគណបក្សថែមទៀត៕