(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់បុលគីយ៉ាស ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារូស្សាឡាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និង៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធពីថ្ងៃទី២៦ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំរួមមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម៖
- ប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩
- កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
- កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
- កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៤
- កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ និង
- កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើបទអន្តរាគមន៍នឹងដែរនៅក្នុងពិធីបិទក្រោយពីព្រុយណេប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០២២ជូនព្រះរាជាណាចក្រកម្ពុជា៕