ភ្នំពេញ៖ នាព្រឹកថ្ងៃនេះរដ្ឋសភាជាតិកម្ពុជាបានសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ១៩ថ្មី មាត្រា ៨២ថ្មី មាត្រា ១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិដោយមានសំឡេងគាំទ្រ១១១ /១១១សំឡេង។
ការអនុម័តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋ សភានាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមប្រជុំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្រោយពីសេចក្តីគាំទ្រនិងផ្តល់សេចក្តីទុកចិត្តពីអង្គសភាទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រីបានមាន ប្រសាសន៍ថា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលដែលមានចែងនៅក្នុងរដ្ឋធម្មុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនៅការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬក៏បង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមាន ប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធក៏បានតម្រូវឲ្យតំណាងរាស្ត្រ សមាជិក ព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងអស់ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។
បន្ថែមពីនេះ ប្រធាន និងអនុប្រធានទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដែលជាស្ថាប័នមានចែងនៅក្នុងរដ្ឋធម្មនុញ្ញក៏ត្រូវបានច្បាប់កំណត់ឲ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើតនិងមានសញ្ជាតិខ្មែរតែមួយគត់ផងដែរ៕