កោះកុង៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១០និង១៥នាទីព្រឹកកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែ អំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកដោយមានការចង្អុលបង្ហាញផ្ទាល់ដោយលោ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុង និងដោយមានការសម្របសម្រួលរបស់លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀននៅចំណុចលើផ្ទះមួយកន្លែង ស្ថិតក្នុងភូមិ ចំការក្រោម ឃុំ ស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្នុងកិច្ចប្រតិបត្តិការកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ៖ ១- ឈ្មោះ SUNGSING -PRAMOCH ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិថៃ រស់នៅ ខេត្ត ស៊ូរ៉ាត់ថានី ប្រទេស ថៃ ( មេក្លោង ), ២- ឈ្មោះ SAE-THAO ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិ ថៃ រស់នៅ ខេត្ត ណាន ប្រទេស ថៃ ( មេក្លោង ), ៣- ឈ្មោះ លែន ណាក ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ ( កម្មករ ) រស់នៅ ខេត្តតាកែវ , ៤- ឈ្មោះ នៅ ចន្ធូ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ រស់នៅ ខេត្តព្រៃវែង ( ជាកម្មករ ), ៥- ឈ្មោះ ពេជ្រ តុង ភេទប្រុស អាយុ ៣៩ឆ្នាំ ( ជាកម្មករ ) រស់នៅ ខេត្តស្វាយរៀង និង ៦- ឈ្មោះ រស់ ថាញ់ ភេទប្រុស អាយុ ៤២ឆ្នាំ ( ជាកម្មករ ) រស់នៅ ខេត្តតាកែវ ។
រឹបអូសបានវត្ថុតាងរួមមាន ៖ - ទូកឈើចំនួន ០១គ្រឿង ( ធំ ) - ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ១០កេស ( ស្មើប្រមាណជាង២០០គីឡូក្រាមថ្លឹងជញ្ជីងដៃ ) ។
ចំពោះវត្ថុតាងនិងជនសង្ស័យត្រូវបានឃាត់ខ្លួននិងយកមកកាន់អធិការដ្ឋាននគរបាលស្រុកនិងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងដើម្បីសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមនីតិវិធី ។
លុះនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៣០នាទី កម្លាំងចម្រុះបានធ្វើការកាត់ឃ្លុបទូករបស់ជនសង្ស័យដើម្បីត្រួតពិនត្យឆែកឆេរដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុង លោក អេ ង ចាន់ ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ហេង តុលា ស្នងការរង លោកឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុក លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ ក្រុង លោក សួស ម៉ៅ នាយករដ្ឋបាល លោក កែវ សុខ មេឃុំ ស្រែអំបិល លោក ហោ គឹមឆាយ មេភូមិ ស្រែអំបិល និង កងកម្លាំងចំនួន ២០នាក់ ។ ក្នុងការឆែកឆេរត្រួតពិនិត្យពុំបានរកឃើញវត្ថុតាងអ្វីឡើយ ៕