ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពន្យល់អំពីមូលហេតុដែលនាំឲ្យជ្រូករស់បន្តធ្លាក់ថ្លៃនៅក្នុងប្រទេសកម្ពុជាក្នុងមួយរយៈចុងក្រោយនេះ ដោយសំអាងទៅលើកត្តា ៣ចម្បង គឺទី ១. ការញ្ចឹមមានការកើនឡើង ទី២. ការកកស្ទះជ្រូកក្នុងអំឡុងបុណ្យភ្ជុំក្រោយផ្អាកកម្មវិធីរៀបចំពិធីបុណ្យចាប់ពីបិណ្ឌទី ៤ និងទី ៣. ការធ្លាក់ចុះតម្លៃសាច់ជ្រូកយ៉ាងគំហុកពីប្រទេសជិតខាង។
យោងតាមរបាយការណ៍ដែលបង្ហាញដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូកមានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ កើនឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
ចំណែកកសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ក្នងឱកាសរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ប៉ុន្តែត្រូវបានផ្អាកកម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឱ្យជ្រូកមានការកកស្ទះ។
ខណៈតម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាមមានការធ្លាក់ថ្លៃយ៉ាងគំហុកពោលគឺតម្លៃត្រឹមតែចំនួន ៦៥០០រៀល/គីឡូក្រាមប៉ុណ្ណោះ ដែលខុសពីតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០.១០០រៀល/គីឡូក្រាម នាពេលសព្វថ្ងៃនេះ។
ការនាំចូលកូនជ្រូកពូជក្នុងឆ្នាំ២០១៩ មានត្រឹមចំនួន ២២.០០០ក្បាល និងនៅឆ្នាំ២០២០ មានការកើនឡើងដល់ចំនួន ២៧៥.៩២៥ក្បាល។ ចំណែកឯជ្រូកពូជមេ-បានាំចូលបានចំនួន ៧.៨៤០ក្បាល ក្នុងឆ្នាំ២០១៩ និងកើនដល់ចំនួន ២៨.១៤៣ក្បាលក្នុងឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ការនាំចូលជ្រូកពូជមេ-បា មានចំនួន ២៤.៨៦៥ក្បាល និងកូនជ្រូកពូជមានចំនួន ១២៦.១១៦ក្បាល។
ក្រសួងកសិកម្មបន្តថា វិបត្តិជំងឺកូវីដ-១៩ តម្រូវការសាច់ជ្រូកមានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរធ្វើដំណើកំសាន្តតាមតំបន់រម្យណីយដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។
អគ្គនាយកដ្ឋាននឹងពិនិត្យមើលបន្ថែមទៀតរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចូល ព្រោះកន្លងមកនេះតម្លៃជ្រូករស់បានធ្លាក់ចុះដល់ចំនួន ៨៥០០រៀល/គីឡូក្រាម បន្ទាប់ពីការជជែកពិភាក្សារវាងសមាគមចិញ្ចឹមសត្វកម្ពុជា ជាមួយអ្នកនាំចូល គឺតម្លៃជ្រូករស់បានកើនឡើងចំនួន ១០.១០០រៀល/គីឡូក្រាម។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នឹងបន្តពិនិត្យ និងពិភាក្សារកដំណោះស្រាយអំពីបញ្ហាតម្លៃជ្រូកនេះបន្ថែមទៀត ព្រមទាំងបន្តរឹតបណ្តឹងការអនុវត្តច្បាប់ ពិសេសបទល្មើសចរាចរសត្វ និងផលិតផលសត្វ។
សូមជម្រាបថា បច្ចុប្បន្ន ការនាំចូលជ្រូករស់ពីបរទេស នៅថ្ងៃខ្លះមានត្រឹម ៣០០ក្បាល/ថ្ងៃប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្នុងមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋហាក់ងាកមកបរិភោគសាច់ជ្រូកជំនួសសាច់គោច្រើនជាងមុន ដោយសារព្រួយបារម្ភអំពីសត្វគោជាច្រើនប្រឈមកើតជំងឺដុំពកស្បែកច្រើន៕