BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បណ្ឌិត ម៉ី កល្យាណ៖ ខេត្តព្រះសីហនុនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់របស់កម្ពុជានាពេលអនាគត

ថ្ងៃពុធ, 20 ខែតុលា 2021 10:30  ថូ សិរីវឌ្ឍន៍

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចគំាទ្រចំពោះគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងជំរុញដល់ការអភិវឌ្ឍកាន់តែលឿនដល់ខេត្តតំបន់ឆ្នេរមួយនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នាពេលអនាគត។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគិតគូរទៅលើការរៀបចំអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះជាច្រើនឆ្នាំមកហើយ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

photo_2021-10-20_10-22-37

លោកបញ្ជាក់ថា ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ, មានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។

លោកមានសុទិដ្ឋនិយមថា ក្រោយពីការរៀបចំផែនការមេត្រូវបញ្ចប់រួចរាល់ និងខេត្តព្រះសីហនុត្រូវដាក់បញ្ចូលជាតំបន់សេដ្ឋកិច្ចពិសេសជាផ្លូវការ ខេត្តនេះនឹងកាន់តែមានភាពទាក់ទាញសម្បូរបែបថែមទៀតសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិមកបណ្តាក់ទុនរកស៊ីនៅទីនោះ។ ជាមួយគ្នានេះវាក៏ក្លាយជាតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ដ៏ទាក់ទាញផងដែរ។

photo_2021-10-20_10-22-48

ទោះជាយ៉ាងណាអ្នកវិភាគសេដ្ឋកិច្ចរូបនេះ រំពឹងថា រាជរដ្ឋាភិបាលនឹងរៀបចំការអភិវឌ្ឍខេត្តនេះឲ្យមានលក្ខណៈជាអត្តសញ្ញាណខ្មែរ, ការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ និងការគ្រប់បរិស្ថាន បានកាន់តែល្អប្រសើរ។ 

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) បានចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី ១៩ខែតុលា ឆ្នាំ ២០២១។

photo_2021-10-20_10-22-52

ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺមានគោលបំណង ដើម្បីទាញយកសក្ដានុពលអភិវឌ្ឍន៍យ៉ាងច្រើនដែលខេត្តព្រះ-សីហនុ មាន ស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងម្យ៉ាងទៀត ដើម្បីចាប់យកកាលានុវត្តថ្មីៗ និងទាក់ទាញបន្ថែមនូវការវិនិយោគ និងធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។

ការរៀបចំផែនការមេនេះ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០។

photo_2021-10-20_10-22-56

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងរស់រវើកក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេស ទៅជាតំបន់តភ្ជាប់ផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់។

ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ៖ (១) ទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, (២) តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខាសម្រាប់រស់នៅលំដាប់ពិភពលោក, (៣) តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និងជាពិសេស (៤) ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល៕


ថ្ងៃពុធ, 20 ខែតុលា 2021 10:30  ថូ សិរីវឌ្ឍន៍