សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា «ឥឡូវនេះយើងលែងធ្វើតេស្តដោយបិទភូមិ បិទរោងចក្រ ដើម្បីធ្វើតេស្តរហ័សបន្តទៀតហើយ ប៉ុន្តែយើងមានទីតាំងជាប្រចាំដើម្បីឱ្យប្រជាពលរដ្ឋដែលសង្ស័យមានជំងឺ covid -១៩ អាចទៅធ្វើតេស្តដោយខ្លួនឯងនៅទីតាំងនានាដែលក្រុមគ្រូពេទ្យបានប្រចាំការ»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសំលេងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «ប្រសិនមានការឆ្លងកូវីដ១៩ ក្រុមគ្រូពេទ្យ និងអ្នកជំងឺត្រូវពិភាក្សាគ្នា ដើម្បីអាចព្យាបាលនៅតាមផ្ទះឬក៏ទៅព្យាបាលនៅតាមមន្ទីរពេទ្យ អាស្រ័យទៅលើស្ថានភាពធ្ងន់ឬក៏ស្រាល» ។
«សំរាប់ព្យាបាលតាមផ្ទះ សម្ដេចតេជោ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិនានាត្រូវចេះសាមគ្គីគ្នា ជួយគ្នាកុំរើសអើងអ្នកជំងឺកូវីដ១៩ ត្រូវចេះមានវប្បធម៌ជួយគ្នានៅក្នុងគ្រាលំបាក»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ផ្ទុយទៅវិញ អ្នកដែលកើតជំងឺកូវីដ19 នឹងក្លាយទៅជាអ្នកដែលអាចប្រឆាំងជម្ងឺ covid-១៩ »។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានលើកឡើងថា «បណ្ដាប្រទេសមួយចំនួនគេបានយកអ្នកដែលធ្លាប់ឆ្លងជំងឺ covid-១៩ ហើយ សម្រាប់ព្យាបាល បំរើដល់អ្នកជំងឺកូវីដ១៩ ដែលទើបតែកើតថ្មីៗទៅវិញ ដោយសារតែអ្នកដែលធ្លាប់កើតជំងឺកូវីតនោះមានអង្គបដិបក្ស ឬហៅថាប្រព័ន្ធការពារសម្រាប់ប្រឆាំងនឹងជំងឺកូវីដទៀតផង»។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសង្ឃឹមថា ទាំងការព្យាបាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តឬក៏នៅតាមផ្ទះក្តី នឹងប្រព្រឹត្តទៅបានយ៉ាងល្អដើម្បីឈានទៅការបើកប្រទេសឡើងវិញ ក្នុងពេលដែលវិស័យកសិកម្ម និងសេវាកម្មបានដំណើរការយ៉ាងល្អ វិស័យសេវានឹងបើកឡើង ដូចដែលយើងបានបើកសាកល្បងនូវកាលភ្ជ៉ុបិណ្ឌនិងថ្ងៃសៅរ៍អាទិត្យកន្លងទៅនេះ ដែលមានប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺន នាក់បានដើរលេងកំសាន្ត៕