មានប្រទេសជាច្រើនដែលបានបោះផ្សាយក្រដាសប្រាក់ប្រភេទពិសេស ជាទូទៅគឺដើម្បីអបអរថ្ងៃពិសេសរបស់ជាតិ ក៏ដូចជាបុណ្យឯករាជ្យ ការគ្រងរាជ្យសម្បត្តិ ឬចម្រើនព្រះជន្មព្រះមហាក្សត្រជាដើម។
កម្ពុជាក៏បានបោះផ្សាយក្រដាសប្រាក់ប្រភេទពិសេសនេះមួយចំនួនដែរ ដូចជា៖
ក្រដាសប្រាក់ ១០០០ រៀល ដើម្បី សូមថ្វាយព្រះរាជកុសល ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមទ្រង់យាងបដិសន្ធិក្នុង ព្រះបរមសុគតិភព ក្នុងឆ្នាំ២០១២។
ក្រដាសប្រាក់ ២០០០ រៀល ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៣)។
ក្រដាសប្រាក់ ១៥០០០ រៀល ដើម្បីអបអរខួប១៥ឆ្នាំនៃការគ្រងរាជសម្បត្តិព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង (២៩ តុលា ២០០៤ - ២៩ តុលា ២០១៩)។
និងថ្មីៗនេះ រដ្ឋាភិបាលបានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រអនុស្សាវរីយ៍ប្រភេទ ៣០០០០ រៀល ដើម្បីអបអរសាទរ ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកកាន់មាតុភូមិវិញ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១)៕