រាជធាភ្នំពេញ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថារាជរដ្ឋាភិបាល សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពី លក្ខខណ្ឌធ្វើដំំំណើរ ការអនុវត្តវិធានសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជាសម្រាប់អ្នកដំណើរចូលមកកម្ពុជាស្របតាមគន្លងប្រក្រតីភាពថ្មី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១ បានបញ្ជាក់ថា តាមរយៈការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការដាក់ចេញនូវ "យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» កម្ពុជាកំពុងសម្រេចបាននូវអត្រានៃការចាក់វ៉ាក់សាំង លើសគោលដៅដែលបានគ្រោងទុក និងអាចបង្កើតបាននូវភាពស៊ាំ សហគមន៍ នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩"។
"ជាមួយនឹងសមិទ្ធផលដ៏គួរជាទីមោទនភាពនេះ និងដោយមើលឃើញពីការវិវត្តកាន់តែប្រសើឡើងនៃស្ថានភាពជាក់ស្ដែង, រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ"។ ដោយ
១. ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស។
២. ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុមអាទិភាពនេះផង)។
៣. ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៧ថ្ងៃ និងដោយឡែក
៤. ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។ ក្រសួងបានលើកឡើងយ៉ាងដូច្នេះថា រយៈពេលចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមកកម្ពុជាអនុវត្តចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តទៅ៕