មេដឹកនាំយោធាកាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនមានការអស់សង្ឃឹមយ៉ាងខ្លាំងជាមួយនឹងសេចក្តីសំរេចចិត្តដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានមិនអនុញ្ញាត្តិឲ្យមេដឹកនាំរបស់គេ មីង អូងលាំង ចូលរួមក្នុងកិច្ចប្រជុំកំពូលក្នុងពេលខាងមុខនេះ។ សេចក្តីសំរេចក្នុងការមិនអនុញ្ញាត្តិឲ្យ មីង អូងលាំងចូលរួមប្រជុំកំពូលនៅថ្ងៃទី26-28ខែតុលានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយអាស៊ានថ្នាក់រដ្ឋមន្ត្រីក្រសូងការបរទេសកាលពីថ្ងៃសុក្រ,ដោយយោលទៅតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបច្ចុប្បន្នប្រ៊ុយណេ។
ប្រ៊ុយណេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកការទូតភូមាម្នាក់ដែលមិនជាប់ពាក់ព័ន្ធទៅនឹងរឿងនយោបាយនឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ,បន្ទាប់ពីមិនមានការឯកភាពក្នុងការអនុញ្ញាតិឲ្យអ្នកតំណាងនយោបាយម្នាក់ចូលរួម។ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រ៊ុយណេបាននិយាយថាមិនមានការរីកចម្រើនគ្រប់គ្រាន់ក្នុងផែនទី ចង្អុលផ្លូវដើម្បីធ្វើឲ្យមានសន្តិភាពឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីពួកយោធាបានសន្យាជាមួយអាស៊ានកាលពីខែមេសា ក៏ដូចជាមានការព្រួយបារម្ភផងដែរអំពីការប្តេជ្ញាចិត្តរបស់ពួកយោធាក្នុងការរៀបចំឲ្យមានការសន្ទនាក្នុងន័យស្ថាបនាជាមួយដៃគូរទាំងអស់ដែលជាប់ពាក់ព័ន្ធ។
សេចក្តីថ្លែងការណ៍បាននិយាយទៀតថា សមាជិកអាស៊ានបានផ្តល់អនុសាស្ត្រថា អាស៊ានគួរផ្តល់ឱកាសឲ្យភូមារៀបចំឡើងវិញនូវកិច្ចការផ្ទៃក្នុងរបស់ខ្លួនហើយត្រឡប់មករកភាពប្រក្រតីឡើងវិញ។ នៅក្នុងការឆ្លើយតបក្រសួងការបរទេសដែលត្រួតត្រាដោយពួកយោធា បានថ្លែងថាខ្លួនមានការអស់សង្ឃឹមយ៉ាងខ្លាំងនិងប្រឆាំងដាច់ខាតចំពោះការផាត់ចោលពីកិច្ចប្រជុំកំពូលនេះ។ “ ការពិភាក្សារនិងសេចក្តីសំរេចពីរឿងតំណាងរបស់មីយ៉ាន់ម៉ានេះ បានប្រព្រឹត្តិទៅដោយគ្មានការព្រមព្រៀងជាឯកច្ឆ័ន្ទ ហើយវាប្រឆាំងទៅនឹងគោលបំណងអាស៊ាន ” ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយ។