បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរ ១៣នាក់ បានចាញ់បោកមេខ្យល់ដឹកទៅប្លុងចោលក្នុងចំការដំឡូងមីមួយកន្លែងយកថ្លៃឈ្នួលទៅថៃម្នាក់ ៦,០០០ បាត មិនបានសម្រេចក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងកើតផ្លូវលេខ៥៨ ក្រវាត់ព្រំដែនប្រហែល ៥០ម៉ែត្រ ក្នុងភូមិសាស្ត្រ ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រួចបញ្ជូនឲ្យនគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត។
លោកវរសេនីយ៍ទោ ឈឿ ន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាពលករខ្មែរទាំង ១៣នាក់ ក្នុងនោះ មានស្រី០៥នាក់ និងកុមារ០១នាក់ រស់នៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ បើយោងតាមការបំភ្លឺរបស់ពលរដ្ឋខ្មែរទាំង១៣នាក់ ប្រាប់ថាពួកខ្លួនពិតជាមានបំណងចង់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃមែនហើយ បានទាក់ទងបងប្អូនដែលធ្វើការនៅប្រទេសថៃដើម្បីទៅរកការងារធ្វើ បន្ទាប់មកពួកខ្លួនក៏បានទាក់ទងមេខ្យល់ (មិនស្គាល់មុខ) ដោយគេយកថ្លៃឈ្នួលក្នុងម្នាក់ ៦,០០០ បាត បន្ទាប់មកមេខ្យល់បានឲ្យរថយន្តម៉ាកតូរីសពណ៌ស ១២កៅអី មិនចាំស្លាកលេខទៅយកពួកខ្លួននៅផ្ទះ។
ពេលធ្វើដំណើរដល់ទីរួមស្រុកថ្មពួក ម្ចាស់រថយន្តនោះបានសុំលុយពួកខ្លួនម្នាក់ ១,៥០០ បាត ប្រាប់ថាយកឲ្យថ្លៃអ្នកជូនផ្លូវឆ្លងដែន។ ក្រោយយកលុយរួចម្ចាស់រថយន្តបានឲ្យរថយន្តចំនួន ០២គ្រឿងទៀត ម៉ាកនីសាន់មួយគ្រឿងពណ៌ត្រេអ៊ី (ឡានទាហ៊ាន) ០១គ្រឿង និង០១គ្រឿងទៀតម៉ាកកាមរីពុំចាំស្លាកលេខមកសាងដឹកបន្តទៅច្រកបឹងត្រកួនហើយ បានដឹកទៅលាក់ទុកក្នុងចំការដំឡូងមីមួយកន្លែងឲ្យរង់ចាំមេខ្យល់មកទទួលយកទៅបន្ត។ ដោយនៅចាំមេខ្យល់យូរពេកមិនឃើញមានអ្នកមកទទួល ម្យ៉ាងមេឃភ្លៀងផងនោះ ពួកខ្លួនក៏បាននាំគ្នាចេញមកលើផ្លូវក៏ត្រូវសមត្ថកិច្ចហាមឃាត់សួរនាំតែម្តង។
លោកអធិការបានបញ្ជាក់ថា បន្ទាប់ពីធ្វើការអប់រំណែនាំពួកគាត់កុំឲ្យចាញ់បោកមេខ្យល់នាំឲ្យខាតបង់ប្រាក់កាស ព្រោះបច្ចុប្បន្នទាំងថៃ និងកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ-១៩ និងទប់ស្កាត់ឆ្លងដែនខុសច្បាប់។ ទន្ទឹមនោះពេលនេះបងប្អូនកំពុងចាញ់បោកមេខ្យល់ធ្វើឲ្យខាតបង់ទាំងថវិកា និងពេលវេលាទៀត។
ក្រោយពីបានធ្វើការអប់រំ និងកិច្ចសន្យារួចពលរដ្ឋទាំងនោះត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ តាមបញ្ជារបស់លោកអែម សុខា អភិបាលស្រុកថ្មពួក៕